(សេអ៊ូល)៖ ទីបំផុតកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការចរចាជុំវិញបញ្ហាថា តើរដ្ឋាភិបាលទីក្រុងសេអ៊ូលគួរធ្វើការចំណាយត្រឹមកម្រិតណា សម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនៅឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងអំឡុងពេល ០៣ថ្ងៃរហូតមកទល់ថ្ងៃព្រហស្បតិ៍នេះ អ្នកការទូតនៃសម្ព័ន្ធមិត្តទាំងពីរ បានបើកការចរចានៅសេអ៊ូល ដើម្បីស្វែងរកការឯកភាពគ្នាលើកិច្ចព្រមព្រៀងចំណាត់ការពិសេស SMA ដែលកំណត់ពីការចំណាយរវាងរដ្ឋាភិបាលកូរ៉េខាងត្បូង និងទីក្រុងវ៉ាស៊ីនតោន សម្រាប់កងកម្លាំងយោធាអាមេរិកប្រចាំនៅកូរ៉េខាងត្បូង (USFK)។
កិច្ចព្រមព្រៀងរយៈពេល ០៥ឆ្នាំខាងលើ នឹងត្រូវផុតសុពលភាពនៅដំណាច់ឆ្នាំនេះ ខណៈកងទ័ពអាមេរិកប្រហែល ២៨,៥០០នាក់ កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ក្រោយពីសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅតាមរយៈបទឈប់បាញ់។
គួរជម្រាបថា បើតាមការបញ្ជាក់ពីក្រសួងការបរទេសកូរ៉េខាងត្បូង ភាគីទាំងពីរមិនអាចឯកភាពគ្នាជុំវិញបញ្ហានេះបាន គឺដោយសារតែនៅមានការខ្វែងគំនិតគ្នាខ្លាំង អំពីចំណែកនៃការចំណាយរបស់ទីក្រុងសេអ៊ូល។ កន្លងមក កូរ៉េខាងត្បូងបានចេញថវិកា ៩៦០ពាន់លានវ៉ុន ស្មើនឹង ៨៥០លានដុល្លារអាមេរិក សម្រាប់ការឈរជើងរបស់កងកម្លាំង USFK ប៉ុន្តែអាមេរិកបានទាមទារឲ្យទីក្រុងសេអ៊ូល បង្កើនការចំណាយប្រចាំឆ្នាំរបស់ខ្លួនឲ្យច្រើនជាងនេះថែមទៀត ពោលគឺរហូតដល់ទៅទ្វេដងនៃចំនួនបច្ចុប្បន្ន៕