(ស៊ីដនី)៖ ខណៈភស្តុតាងមិនផ្លូវការហាក់បង្ហាញថា ត្រីឆ្លាមកំពុងមានវត្តមានច្រើនឡើង នៅឆ្នេរភាគខាងកើតប្រទេសអូស្រ្តាលី ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តថ្មីមួយ ចេញផ្សាយនាថ្ងៃសុក្រនេះបានឲ្យដឹងថា ចំនួនសត្វត្រីនេះតាមពិតកំពុងតែថយចុះយ៉ាងឆាប់រហ័សទៅវិញទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមអ្នកស្រាវជ្រាវអូស្រ្តាលីបានរកឃើញថា ប្រភេទត្រីឆ្លាមធំៗដូចជាពពួកត្រីឆ្លាមមុខញញួរ ត្រីឆ្លាមខ្លា និងត្រីឆ្លាមស បានធ្លាក់ចុះចំនួនរបស់ពួកវាក្នុងអត្រាចន្លោះពី ៧៤% រហូតដល់ទៅ ៩២% នៅតាមបណ្តោយឆ្នេរនៃរដ្ឋ ឃ្វីនស៍ឡេនដ៍ (Queensland) ខណៈលទ្ធភាពនៃការមិនអាចចាប់បានសញ្ញាសត្វត្រីនេះទាល់តែសោះ នៅតាមឆ្នេរសមុទ្រក្នុងរយៈពេលមួយឆ្នាំបានកើនដល់ទៅ ០៧ដងថែមទៀត។
លទ្ធផលនៃការរកឃើញនេះ បានមកពីការវិភាគទិន្នន័យអស់រយៈពេលជាង ៥ទសវត្សរ៍ ដោយផ្អែកទៅលើកម្មវិធីគ្រប់គ្រងត្រីឆ្លាមរបស់រដ្ឋ Queensland ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៦២។ ដោយផ្ទុយស្រឡះទាំងស្រុងពីការសន្និដ្ឋានទូទៅរបស់ប្រជាជនអូស្រ្តាលីភាគច្រើនថា ចំនួនត្រីឆ្លាមកំពុងតែកើនឡើងលទ្ធផលស្រាវជ្រាវនេះ ទំនងជារឿងគួរឲ្យភ្ញាក់ផ្អើលធំមួយ សម្រាប់ពលរដ្ឋអូស្រ្តាលីផ្ទាល់។
គួរជម្រាបថា ខណៈវាមិនច្បាស់ទាំងស្រុងថា តើហេតុអ្វីចំនួនសត្វត្រីឆ្លាមមានការធ្លាក់ចុះឆាប់រហ័សបែបនេះក៏ដោយ អ្នកស្រាវជ្រាវជឿជាក់ថា គឺមួយផ្នែកធំបណ្តាលមកពីការធ្វើនេសាទពួកវាជ្រុលហួសហេតុ និងបានទទូចឲ្យមានវិធានការការពារសត្វត្រីនេះ ដោយសារតែសារសំខាន់របស់ពួកវានៅក្នុង ប្រព័ន្ធអេកូឡុស៊ីនៃមហាសមុទ្រ៕