(ប៉ារីស)៖ ក្រោយចំណាយពេលអស់ប៉ុន្មានថ្ងៃ នៅទីបំផុតប៉ូលិសបារាំងបានបាញ់សម្លាប់ខ្មាន់កំាភ្លើងម្នាក់ ដែលបានរត់គេច ខ្លួនបន្ទាប់ពីបានបាញ់សម្លាប់មនុស្ស ០៣នាក់នៅឯផ្សារគ្រីស្មាក់ (Christmas) ដ៏មានប្រជាប្រិយភាពមួយក្នុងទីក្រុងស្ត្រាសបក (Strasbourg) នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមរដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក គ្រីស្តូប ខាស្ទែណែ (Christophe Castaner) ប៉ូលិសបារាំងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបាញ់សម្លាប់ជនឈ្មោះ ឈែរីហ្វ ឆេខាត (Cherif Chekatt) ដោយសារតែរូបគេបានបាញ់តដៃជាមួយប៉ូលិស នៅក្បែរតំបន់ ណែដហ្វ (Neudorf)។ ប៉ូលិសច្រើនជាង ៧០០នាក់ បានតាមប្រម៉ាញ់ជនសង្ស័យវ័យ ២៩ឆ្នាំរូបនេះ និងអ្នករស់នៅក្នុងទីក្រុង Strasbourg ចាប់តាំងពីរូបគេបាន រត់គេចខ្លួនក្រោយបាញ់សម្លាប់មនុស្ស ០៣នាក់កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។
បើតាមការបញ្ជាក់ពីលោក Castaner ផ្សារ Christmas ក្នុងទីក្រុង Strasbourg នឹងត្រូវបើកដំណើរការឡើងវិញនៅថ្ងៃសុក្រនេះ ស្របពេលប្រធានាធិបតីបារាំងលោក ម៉ាក្រុង ក៏បានសម្ដែងមរណៈទុក្ខដល់សាច់ញាតិគ្រួសារជនរងគ្រោះផងដែរ។
គួរបញ្ជាក់ថា បុរសឈ្មោះ Cherif Chekatt ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ISIS អះអាងថា ជាអ្នកប្រយុទ្ធរបស់ខ្លួនដែលបានដឹកនាំការវាយប្រហារ ប្រឆាំងនឹងប្រជាជននៃបណ្ដាប្រទេស ដែលបាននិងកំពុងចូលរួមក្នុងប្រតិបត្តិការយោធាដឹកនាំ ដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី៕