(វ៉ាស៊ីនតោន)៖ នៅទីបំផុតព្រឹទ្ធសភាអាមេរិកបានអនុម័តជាឯកច្ឆ័ន្ទ លើដំណោះស្រាយមួយ ដោយអំពាវនាវឱ្យព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិនសាល់ម៉ាន់ ឬគេស្គាល់ថា MBS ទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកសារព័ត៌មានលោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមដំណោះស្រាយខាងលើ ព្រឹទ្ធសភាអាមេរិកក៏បានស្នើផងដែរឱ្យទីក្រុងរីយ៉ាដ ធានាទទួលខុសត្រូវឱ្យបានសមស្រប នៅក្នុងសំណុំរឿងឃាតកម្មដ៏រសើបនេះ។ មួយវិញទៀតដំណោះស្រាយនេះ ត្រូវបានអនុម័តឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក បានអនុម័តលើដំណោះស្រាយដាច់ដោយឡែកមួយទៀត ដោយអំពាវនាវឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ឈប់ការផ្ដល់ជំនួយ និងការគំាទ្រដល់ប្រតិបត្តិការយោធារបស់ក្រុមចំរុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយ៉េមែន។ បន្ថែមពីលើនេះព្រឹទ្ធសភាអាមេរិកចាត់ទុកថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសយ៉េមែន គឺជាវិបត្តិមនុស្សជាតិ និងស្នើឱ្យគ្រប់ភាគីទាំងអស់ស្វែងរកបទឈប់បាញ់ជាបន្ទាន់។
គួររំលឹកថា អ្នកកាសែត Washington Post និងជាអ្នករិះគន់គោលនយោបាយព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន លោក Jamal Khashoggi ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគីកាលពីថ្ងៃទី២ ខែតុលាកន្លងទៅ។ ចំណែកឯព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ ត្រូវបានគេចោទប្រកាន់ថា ជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែតរូបនេះ ហើយសូម្បីតែ CIA ក៏ធ្វើការសន្និដ្ឋានដូចគ្នានេះដែរ។
ទោះជាយ៉ាងណា ទីក្រុងរីយ៉ាដបានទាត់ចោលរាល់ការចោទប្រកាន់ ហើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមន្ត្រីកំពូលៗ ជាច្រើននាក់របស់លោកសុទ្ធតែអះអាងថា ព្រះអង្គម្ចាស់រាជទាយាទ ប៊ិនសាល់ម៉ាន់ មិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះឡើយ៕