(វ៉ាស៊ីនតោន)៖ យាន InSight របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្តិតយករូបភាព Selfie ពេញមួយតួខ្លួនជាលើកដំបូង នៅលើភពអង្គារ (Mars) បន្ទាប់ពីការចុះចតបានសម្រេចកន្លះខែមកនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
អង្គការ NASA បានឲ្យដឹងថា យានលេនឌើរ (Lander) InSight ដែលបានចុះទៅដល់តំបន់ Elysium Planitia របស់ភពអង្គារដោយជោគជ័យកាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានថតរូបភាព Selfie ខាងលើដោយប្រើប្រាស់កាមេរ៉ា ដែលបំពាក់នៅលើដៃរ៉ូតូប្រវែង ១.៨ម៉ែត្ររបស់វា។
គួរជម្រាបថា គោលដៅចម្បងរបស់ InSight គឺសិក្សាឲ្យបាននូវលម្អិតនូវសណ្ឋានផ្ទៃស្រទាប់ខាងក្នុងរបស់ភពអង្គារ ដើម្បីជួយអ្នកវិទ្យាសាស្រ្តបង្កើនការយល់ដឹងអំពីសមាសធាតុផ្សំ និងទម្រង់ទូទៅនៃសណ្ឋានផ្ទៃក្នុងភពក្រហមនេះ។ ព័ត៌មានសំខាន់បែបនេះ អាចផ្តល់ការបកស្រាយថា តើភពថ្ម (ប្រភេទភពស្រដៀងផែនដីខុសពីភពឧស្ម័នដូចជាភពព្រហស្បតិ៍ ឬភពសៅរ៍) កកើតឡើងដោយរបៀបណា។
ក្រោយការចុះទៅដល់ភពអង្គារ ក្រុមការងារបេសកកម្ម InSight បានប្រាប់ថា ពួកគេទំនងជាមិនទាន់ត្រៀមលក្ខណៈរួចរាល់ ដើម្បីប្រើឧបករណ៍ខួងចូលក្នុងផ្ទៃរបស់ Mars នៅឡើយទេ រហូតទាល់តែដល់ខែមករា ឬក៏កុម្ភៈឆ្នាំក្រោយ។ បេសកកម្ម InSight ត្រូវគេកំណត់ថា នឹងប្រព្រឹត្តទៅរយៈពេល០១ឆ្នាំនៅលើភពអង្គារ ដែលស្មើនឹងជិត០២ឆ្នាំលើផែនដី៕