(ម៉ូស្គូ)៖ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-160 បានធ្វើការហោះហើរអស់រយៈពេល១០ម៉ោង លើសមុទ្រការីបៀន ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក ជាមួយកងយន្តហោះចម្បាំងរបស់វេណេស៊ុយអេឡា ហោះអមដំណើរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី នៅចំណុចមួយចំនួនក្នុងអំឡុងការហោះហើរ របស់ក្រុមយន្តហោះទម្លាក់បែករុស្ស៊ី មានការចូលរួមពីសំណាក់កងយន្តហោះចម្បាំងធុន Su-30 និង F-16 នៃកងទ័ពអាកាសវេណេស៊ុយអេឡា។ ការហោះហើរដ៏យូរនេះត្រូវបានបញ្ជាក់ថា គឺជាហាត់សមផ្នែកសហប្រតិបត្តិការតាមផ្លូវអាកាស រវាងអាកាសយានិកប្រទេសទាំងពីរ និងត្រូវបានធ្វើឡើងដោយស្របទៅតាមច្បាប់អន្តរជាតិ ស្តីពីការប្រើប្រាស់ដែនអាកាស។
គួរជម្រាបថា យន្តហោះទម្លាក់គ្រាប់បែក Tu-160 ទាំងពីរគ្រឿង រួមជាមួយយន្តហោះដឹកជញ្ជូន An-124 និង IL-62 នៃកងទ័ពអាកាសរុស្ស៊ី បានធ្វើដំណើរទៅដល់ដែនដីវេណេស៊ុយអេឡាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលជាហេតុធ្វើឲ្យសហរដ្ឋអាមេរិកនៅមិនសុខនោះឡើយ រហូតឈានដល់ការចេញមុខរិះគន់ខ្លាំងៗ លើរដ្ឋាភិបាលរុស្ស៊ីជុំវិញរឿងនេះ៕