(ដាម៉ាស់)៖ រណ្តៅកប់សពធំៗចំនួន ០៧ ដែលមានផ្ទុកសាកសពមនុស្សមិនស្គាល់អត្តសញ្ញាណរាប់រយនាក់ ត្រូវបានគាស់រំលើងរកឃើញនៅក្បែរអតីតមូលដ្ឋានស្នូលរបស់ក្រុមភេវករ ISIS ក្នុងទីក្រុងអាល់ប៊ូកាលម៉ាល់ (Albu Kamal) ភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA ភាគច្រើនក្នុងចំណោមសាកសពមនុស្សជនរងគ្រោះជាង ១០០នាក់ ដែលត្រូវបានយកចេញពីទីតាំងខាងលើគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ទំនងជាបានទទួលរងការធ្វើទារុណកម្ម និងអំពើអាក្រក់ៗនៅមុនពេលត្រូវពួក ISIS កាប់សម្លាប់។
គួរជម្រាបថា ក្រុមភេរវករ ISIS ត្រូវគេជឿជាក់ថា បានប្រព្រឹត្តទង្វើឃោរឃៅជាច្រើន ដែលរួមមានការកាត់ក្បាល និងសម្លាប់ជីវិតមនុស្សយ៉ាងរង្គាលជាដើម នៅតាមតំបន់ដែលពួកគេធ្លាប់បានគ្រប់គ្រង។ ប៉ុន្មានខែចុងក្រោយនេះ ទាំងនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ អាជ្ញាធរបានរកឃើញទីលានកប់សាកសពធំៗជាច្រើន នៅតាមតំបន់ដែលធ្លាប់កាន់កាប់ ដោយក្រុមភេរវកម្មជ្រុលនិយមនេះ៕