(អង់ការ៉ា)៖ រថភ្លើងល្បឿនលឿនមួយខ្សែ បានប៉ះទង្គិចជាមួយក្បាលរថភ្លើងមួយគ្រឿងទៀត ហើយជ្រុលទៅបុកស្ពានអាកាសដើរឆ្លងកាត់ផ្លូវ នៅឯស្ថានីយរថភ្លើងក្នុងទីក្រុងអង់ការ៉ាប្រទេសតួកគីនាថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សយ៉ាងតិច ០៤នាក់ស្លាប់ និង ៤៣នាក់រងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ហេតុការណ៍ខាងលើបានកើតឡើង នាវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ខណៈដែលរថភ្លើងខាងលើកំពុងតែធ្វើដំណើរ ពីទីក្រុងអង់ការ៉ាទៅកាន់ខេត្ត កុនយ៉ា (Konya) ដោយឧប្បដិហេតុបានកើតមាន នៅត្រង់ស្ថានីយរថភ្លើង ម៉ាសានឌីស (Marsandiz) ដែលមានចម្ងាយ ០៨គីឡូម៉ែត្រពីស្ថានីយធំនៅទីក្រុងអង់ការ៉ា។
គួរជម្រាបថា បើតាមការបញ្ជាក់ពីអភិបាលក្រុងអង់ការ៉ា គ្រោះថ្នាក់គួរឲ្យរន្ធត់នេះត្រូវបានបង្កឡើង ដោយសារតែរថភ្លើងល្បឿនមួយខ្សែនោះបុកជាមួយក្បាលរថភ្លើងមួយគ្រឿងទៀត ដែលកំពុងរត់ដើម្បីត្រួតពិនិត្យផ្លូវដែក។ វាមិនច្បាស់នោះទេថា រថភ្លើងនោះមានល្បឿនលឿនកម្រិតណានៅពេលកើតហេតុ ប៉ុន្តែគេគ្រាន់តែដឹងថា ស្ថានីយ Marsandiz ពុំមែនជាគោលដៅដែលវាត្រូវឈប់ឡើយ៕