(វ៉ាស៊ីនតោន)៖ ទីបំផុតទីបញ្ជាការទ័ពអវកាស (AFSPC) ដែលជាចំណុះឲ្យកងទ័ពអាកាសអាមេរិកនោះ ត្រូវបានផ្តល់សិទ្ធិឲ្យគ្រប់គ្រងទាំងស្រុងហើយ លើការបញ្ជាទិញផ្កាយរណបពាណិជ្ជកម្ម ដើម្បីបញ្ចៀសកង្វះខាតផ្នែកទំនាក់ទំនង នៅលើសមរភូមិប្រយុទ្ធ។ នេះបើតាមលោកឧត្ដមសេនីយ ចាយ រ៉ៃម៉ុនដ៍ (Jay Raymond) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ លោក Raymond ដែលជាមេបញ្ជាការ AFSPC បានបញ្ជាក់យ៉ាងដូច្នេះថា «អំណាចក្នុងការបញ្ជាទិញថ្មីមួយនេះនឹងធ្វើឱ្យយោធា និងវិស័យផ្កាយរណបទំនាក់ទំនង SATCOM ឯកជនរបស់យើងកាន់តែមានប្រសើរឡើង ហើយមិនតែប៉ុណ្ណោះវាក៏នឹងធានាផងដែរថា កងទ័ពរបស់យើងមានសមត្ថភាពធ្វើទំនាក់ទំនង ចាំបាច់នានានៅលើសមរភូមិ»។ លោក Raymond បន្ថែមថា ការទិញផ្កាយរណបគឺមានន័យថា AFSPC នឹងគ្រប់គ្រងលើការទិញរាល់ផ្កាយរណបយោធា និងផ្កាយរណបឯកជន SATCOM ទាំងអស់សម្រាប់ក្រសួងការពារជាតិ។
គួរបញ្ជាក់ថា ទីបញ្ជាការអវកាសនៃកងទ័ពអាកាសអាមេរិក (AFSPC) ត្រូវបានគេរំពឹងថានឹងសម្រេចបានសមត្ថភាពប្រតិបត្តិការពេញលេញនៅ ខែតុលា ឆ្នាំ២០២០៕