(ឡុងដ៍)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបោះឆ្នោតសម្តែងការមិនទុកចិត្ត នៅក្នុងរដ្ឋាភិបាលនាថ្ងៃពុធសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានសន្យាថា លោកស្រីនឹងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងដើរចេញពីសហភាពអឺរ៉ុប ដែលប្រជាជនអង់គ្លេសបានបោះឆ្នោតគាំទ្រក្នុងសំឡេងភាគច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
លោកស្រី May ក៏បានសន្យាទៀតថា លោកស្រីនឹងព្យាយាមស្វែងរកការធានាថែមទៀតពី ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ជុំវិញបញ្ហាព្រំដែនរវាងសាធារណរដ្ឋអៀរឡង់ និងអៀរឡង់ខាងជើង ដោយសាធារណរដ្ឋអៀរឡង់ គឺជាប្រទេសឯករាជ្យមួយ និងជាសមាជិកនៃសហភាពអឺរ៉ុប ខណៈអៀរឡង់ខាងជើងស្ថិតក្នុងផ្នែកនៃចក្រភពអង់គ្លេស។
គួរជម្រាបថា ក្នុងការបោះឆ្នោតផ្ទៃក្នុងរដ្ឋាភិបាលនាពុធសប្តាហ៍នេះ សមាជិកសភាអង់គ្លេសប្រមាណ ២០០នាក់ នៃបក្សអភិរក្សនិយមរបស់លោកស្រី May ផ្ទាល់បានបោះឆ្នោតគាំទ្ររដ្ឋាភិបាលលោកស្រី ខណៈ១១៧នាក់ទៀត បានសម្តែងការមិនជឿទុកចិត្ត ដើម្បីព្យាយាមទម្លាក់លោកស្រីចេញពីតំណែង ជុំវិញការចរចាកិច្ចព្រមព្រៀង Brexit របស់លោកស្រី ជាមួយសហភាពអឺរ៉ុប។ ដោយសារលទ្ធផលបែបនេះ ការបោះឆ្នោតសម្តែងការមិនទុកចិត្ត មិនអាចប្រព្រឹត្តទៅបានជាថ្មីម្តងទៀតឡើយរហូតទាល់តែ១២ខែទៀត៕