(ប៉េកាំង)៖ ក្រសួងការបរទេសកាណាដាបានប្រកាសថា ខ្លួនមិនអាចទាក់ទងជាមួយពាណិជ្ជករកាណាដាម្នាក់គឺ លោក ម៉ៃឃើល ស្ប៉ាវ័រ (Michael Spavor) បានឡើយ បន្ទាប់ពីលោកបានជូនដំណឹងដល់រដ្ឋាភិបាលទីក្រុងអូតតាវ៉ាថា លោកត្រូវបានអាជ្ញាធរចិនសួរចម្លើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) ក៏បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធដែរថា ពលរដ្ឋកាណាដាទី ២ អាចនឹងត្រូវបានអាជ្ញាធរចិនឃុំខ្លួន។ ដោយឡែកនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសកាណាដា លោក ហ្គីឡូមេ ប៊ែរ៉ាប់ (Guillaume Bérubé) បានឱ្យដឹងថា ពលរដ្ឋកាណាដាទី ២ ដែលបាត់ខ្លួននោះគឺ លោក Michael Spavor ជាពាណិជ្ជករម្នាក់កំពុងស្នាក់នៅក្នុងទីក្រុង តានទុង (Dandong) ភាគខាងជើងប្រទេសចិន។ ប៉ុន្តែមកទល់នឹងពេលនេះ អាជ្ញាធរកាណាដានៅតែមិនទាន់ដឹងនៅឡើយទេថា លោក Spavor ត្រូវបានចាប់ខ្លួនមែន ឬស្ថិតនៅទីណានោះ រីឯអាជ្ញាធរចិនក៏មិនបានធ្វើការអត្ថាធិប្បាយអ្វីដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ អតីតមន្ត្រីទូតកាណាដាម្នាក់លោក ម៉ៃឃើក កូវីក (Michael Korvig) ក៏ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនផងដែរ ហើយការចាប់ឃុំខ្លួននេះទៀតសោត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងប៉េកាំងព្រមានកាណាដាពីផលវិបាកធ្ងន់ធ្ងរ
បើសិនជាមិនព្រមដោះលែងនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ទេនោះ។
បច្ចុប្បន្នប្រទេសចិន និងកាណាដា កំពុងមានភាពតានតឹងផ្នែកការទូតនឹងគ្នា ដោយសារតែចាប់ខ្លួនលោកស្រី Meng Wanzhou ពីសំណាក់អាជ្ញាធរកាណាដា កាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ តាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទលោកស្រីថា បានប្រើប្រាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Huawei ឈ្មោះ Skycom រកស៊ីជាមួយអ៊ីរ៉ង់ ដោយរំលោភលើទណ្ឌកម្មអាមេរិកនៅចន្លោះឆ្នាំ២០០៩ និង២០១៤។
ប៉ុន្តែក្រោយមានការព្រមានចិន តុលាការកាណាដាបានអនុញ្ញាតឱ្យលោកស្រី Meng ស្ថិតនៅក្រៅឃុំជាមួយប្រាក់តម្កល់ ៧.៤លានដុល្លារ ហើយលោកស្រីមិនអាចចាកចេញពីប្រទេសកាណាដាឡើយ និងត្រូវដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ២៤ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងត្រូវពាក់ឧបករណ៍តាមដាន។
បន្ថែមពីលើនេះ ទោះបីជាអាជ្ញាធរកាណាដា មិនបានបញ្ជាក់ថា ការចាប់ខ្លួនលោក Michael Korvig និងការបាត់ខ្លួនលោក Michael Spavor គឺជាការសងសឹករបស់ចិនក៏ដោយ តែក្រុម អ្នកជំនាញខ្លះយល់ថា ការចាប់ខ្លួនអ្នកទំាងពីរនេះ គឺមានជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនលោកស្រី Meng៕