(ម៉ូស្គូ)៖ ការចាប់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ដោយអាជ្ញាធរកាណាដា តបតាម សំណើរបស់សហរដ្ឋអាមេរិកគឺជារឿងដ៏អាស្រូវ និងគ្រោះថ្នាក់បំផុតដែលកំពុងបង្កឲ្យចិន និងកាណាដាកំពុងមានភាពតានតឹងផ្នែកការទូតរវាងគ្នា។ នេះបើតាមអ្នកជំនាញលោក ហ្សាដ វូដវ៉ាដ (Jude Woodward) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
លោក Jude Woodward ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា «សង្រ្គាមត្រជាក់ថ្មីអាស៊ី» ធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik ក្នុងសប្ដាហ៍នេះ។ លោក Woodward បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការចាប់ខ្លួនលោកស្រី Meng គឺជារឿងដ៏អាស្រូវបំផុត និងមិនគួរឱ្យជឿទាល់តែសោះ ដែលបុគ្គលម្នាក់ត្រូវបានចាប់ខ្លួនដោយគ្រាន់តែមានអ្នកអះអាងថា ក្រុមហ៊ុនរបស់គាត់រំលោភលើទណ្ឌកម្មមួយ... ម្យ៉ាងវិញទៀតសកម្មភាពបែបនេះ ក៏អាចនឹងបង្កជាគ្រោះថ្នាក់ផងដែរ ព្រោះចិនអាចនឹងចាត់វិធានការនានា ដើម្បីដាក់សម្ពាធលើកាណាដាឱ្យដោះលែងលោកស្រី Meng Wanzhou។
គួរជម្រាបថា លោកស្រី Meng Wanzhou អាយុ ៤៦ឆ្នាំ ដែលជាកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួន កាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ តបតាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទលោកស្រីថាបានប្រើ ប្រាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Huawei ឈ្មោះ Skycom រកស៊ីជាមួយអ៊ីរ៉ង់ដោយរំលោភលើទណ្ឌកម្មអាមេរិក កាលពីចន្លោះឆ្នាំ២០០៩ និង២០១៤។
ការចាប់ខ្លួនលោកស្រី Meng បានបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំងរហូតដល់ ព្រមានកាណាដាពីផលវិបាកធ្ងន់ធ្ងរ បើមិនព្រមដោះលែងលោកស្រីទេនោះ។ ប៉ុន្តែក្រោយមានការព្រមាននេះ តុលាការកាណាដាបានអនុញ្ញាតឱ្យលោកស្រី Meng ស្ថិតនៅក្រៅឃុំជាមួយប្រាក់តម្កល់ ៧.៤លានដុល្លារ ហើយលោកស្រីមិនអាចចាកចេញពីប្រទេសកាណាដាឡើយ និងត្រូវដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ២៤ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងត្រូវពាក់ឧបករណ៍តាមដាផងដែរ៕