(ប្រាទីស្លាវ៉ា)៖ សាធារណរដ្ឋស្លូវ៉ាកបានប្រកាសថា ខ្លួនបានបញ្ជាទិញយន្តហោះចម្បាំងប្រភេទ F-16 ថ្មីៗចំនួន ១៤គ្រឿង ពីក្រុមហ៊ុនឡុកឃីដម៉ាទីន របស់សហរដ្ឋអាមេរិករួចរាលហើយ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រវាងរដ្ឋមន្ត្រីការពារជាតិស្លូវ៉ាកលោក ភីធើ ហ្គាចដូស (Peter Gajdos) និងនាយករងក្រុមហ៊ុន Lockeed Martin លោកស្រី អាណា វូហ្គោហ្វស្គី (Ana Wugofsko)។ នេះបើតាមការចេញផ្សាយដោយកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
តាមរយៈកិច្ចព្រមព្រៀងតម្លៃ ១.៨ពាន់លានដុល្លារខាងលើនេះ តម្រូវឲ្យក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockeed Martin បញ្ជូនយន្តហោះចម្បាំងទាំង ១៤គ្រឿង មកកាន់ប្រទេសស្លូវ៉ាកនៅឆ្នាំ២០២៣ ជាមួយនឹងគ្រឿងបរិក្ខាបន្ទាប់សន្សំ (អាវុធបន្ថែម) សម្រាប់បំពាក់ឲ្យយន្តហោះ ព្រមទាំងការបង្វឹកអវកាយានិករបស់ស្លូវ៉ាក ឲ្យចេះប្រើប្រាស់យន្តហោះចម្បាំងទាំងនេះផងដែរ។
គួរបញ្ជាក់ថា ប្រទេសស្លូវ៉ាកក៏ជាសមាជិកមួយផងដែររបស់អង្គការ NATO ហើយការទិញយន្តហោះចម្បាំងថ្មីៗបន្ថែមទៀតនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើឲ្យស្លូវ៉ាកមានសមត្ថភាពសមស្របទៅហ្នឹងភាពជាសមាជិករបស់ NATO ដូចបណ្តាប្រទេសធំៗផ្សេងទៀត ហើយវាក៏សមស្របទៅតាមការប្តេជ្ញារបស់ស្លូវ៉ាក់ ក្រោមការជម្រុញទឹកចិត្តដោយសហរដ្ឋអាមេរិកឲ្យបណ្តាប្រទេស NATO ទាំងអស់ចំណាយថវិកាជាតិយ៉ាងហោចណាស់ ២ភាគរយ នៃ GDP ទៅលើវិស័យការពារជាតិ៕