(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់ចំឈ្មោះតែម្ដងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) កំពុងរៀបចំផែនការសម្លាប់រូបលោក តាមរយៈការផ្សំគំនិតជាមួយប្រធានាធិបតីកូឡុំប៊ី លោក អ៊ីវ៉ាន ឌូកេ (Ivan Duque)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធសប្ដាហ៍នេះ។ នាឱកាសនោះប្រធានាធិបតីវេស៊ុយអេឡា បានលើកឡើងយ៉ាងដូច្នេះថា «(លោក) John Bolton កំពុងរៀបចំ និងដឹកនាំផែនការបង្កអំពើហិង្សា ព្រមទាំងរដ្ឋប្រហារដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាលមួយ នៅក្នុងប្រទេសវេណេស៊ុយអេឡា... Bolton កំពុងរៀបចំផែនការសម្លាប់រូបខ្ញុំ»។
លើសពីនេះទៅទៀត លោក ម៉ាឌូរ៉ូ បានអះអាងទៀតថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ រូបនេះបានបង្កើតអង្គភាពយោធាជាច្រើន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា។ ពោលគឺមានកងកម្លាំងប្រដាប់អាវុធជាង ៧៣០នាក់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កចលាចល និងវាយប្រហារលើមូលដ្ឋានយោធានានា នៅក្នុងប្រទេសវេណេស៊ុយអេឡា។
ដោយឡែក ក្រៅតែពីចង្អុលមុខលោក Bolton លោក ម៉ាឌូរ៉ូ ក៏បានចោទប្រកាន់ផងដែរថា ប្រធានាធិបតីកូឡុំប៊ីលោក Ivan Duque គឺជាអ្នកផ្សំគំនិតជាមួយសហរដ្ឋអាមេរិកដើម្បីសម្លាប់រូបលោក ហើយមិនតែប៉ុណ្ណោះលោក ម៉ាឌូរ៉ូ ថែមទំាហៅលោក Duque ជាអាយ៉ងរបស់សហរដ្ឋអាមេរិក ដែលសូម្បីតែចង់ទៅបន្ទប់ខ្លួនឯងសោះ ក៏ត្រូវសុំការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោនជាមុនសិនដែរ។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏ធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូឡុំប៊ីផងដែរថា ជាអ្នកនៅពីក្រោយការវាយប្រហារ ដោយយន្ដហោះដ្រូនប្រឆាំងនឹងរូបលោក នៅអំឡុងព្យុហយាត្រាយោធាមួយក្នុងទីក្រុងការ៉ាកាស់។ ប៉ុន្តែអាមេរិក និងកូឡុំប៊ីបានបដិសេធ រីឯក្រុមអ្នកនយោបាយប្រឆាំងវេណេស៊ុយអេឡា ក៏បានតបវិញថា ការចោទប្រកាន់របស់លោក ម៉ាឌូរ៉ូ គឺគ្រាន់តែលេសពង្រឹងអំណាចតែប៉ុណ្ណោះ៕