(ញូដេលី)៖ បុរសឥណ្ឌាជាអ្នកដឹកជញ្ជូនអាហារម្នាក់ត្រូវបានបណ្ដេញចេញពីការងារ បន្ទាប់ពីរូបគេបានហូបអាហារដែល អតិថិជនបញ្ជាទិញ ហើយសកម្មភាពរបស់បុរសរូបនេះកំពុងបង្កជាភាពចម្រូងចម្រាស់ និងបញ្ហាទំនុកចិត្តលើឧស្សាហកម្ម ដឹកជញ្ជូននៅប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមវីដេអូមួយ ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម បុរសខាងលើពាក់អាវយឺតពណ៌ក្រហម និងជាអ្នកដឹកជញ្ជូនអាហារមកពីក្រុមហ៊ុនដឹកជញ្ជូនដ៏មានប្រជាប្រិយភាពរបស់ឥណ្ឌាឈ្មោះ Zomato បានលួចហូបអាហារ របស់អតិថិជន និងដាក់អាហារដែលនៅសល់ចូលទៅក្នុងប្រអប់វិញ។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺថាក្រោយ សកម្មភាពបុរសរូបនេះត្រូវបានគេបង្ហោះវាបានធ្វើឱ្យអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើននាំគ្នាបញ្ចេញមតិ លាយឡំជាមួយភាពខ្ពើមរអើម ខឹងសម្បារ និងសើចចំអក ខណៈអ្នកខ្លះទៀតបានបង្ហាញពីការសង្ស័យនៃទំនុកចិត្តរបស់
ពួកគេលើឧស្សាហកម្មដឹកជញ្ជូននៅក្នុងប្រទេស។

គួរបញ្ជាក់ថា វីដេអូបង្ហាញពីសកម្មភាពបុរសខាងលើ ត្រូវបានគេថតជាប់នៅក្នុងទីក្រុង Madurai ភាគខាងត្បូងប្រទេស ឥណ្ឌា និងមានអ្នកចូលមើលរាប់ពាន់ដង៕