(ពិភពលោក)៖ នៅថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីភ្នាក់ងារអភិវឌ្ឍន៍ និងធ្វើតេស្តប្រព័ន្ធការពារមីស៊ីលអាមេរិក (MDA) បានប្រកាសនាថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានទទួលជោគជ័យក្នុងការសាកល្បង បាញ់កម្ទេចគោលដៅជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់៕
២៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ារីសុន (Scott Morrison) បានប្រកាសថាដែនដីអូស្រ្តាលីភាគខាងត្បូង នឹងក្លាយជាទីស្នាក់ការនៃទីភ្នាក់ងារអវកាសដំបូងបំផុតនៃប្រទេសដីកោះដ៏ធំនេះ៕
៣៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នាថ្ងៃអង្គារសប្តាហ៍នេះ បានបើកកិច្ចប្រជុំជាមួយក្រុមអ្នកតំណាងនៃវិស័យធនាគារក្នុងប្រទេសបារាំង ដើម្បីពិភាក្សាអំពីចំណាត់ការដោះស្រាយវិបត្តិសង្គម-សេដ្ឋកិច្ច នៅចំពោះមុខការធ្វើបាតុកម្មដោយហិង្សានៅទូទាំងប្រទេសបារាំង៕
៤៖ ទីភ្នាក់ងារព័ត៌មានវិស័យថាមពលអាមេរិក (EIA) បានឲ្យដឹងនាថ្ងៃអង្គារសប្តាហ៍នេះថា តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងគំហុកក្នុងខែវិច្ឆិកា ហើយនឹងបន្តធ្លាក់ចុះកាន់តែខ្លាំងថែមទៀតនៅក្នុងឆ្នាំ២០១៩ ដោយសារតែកំណើននៃការផលិតប្រេង៕
៥៖ ទឹកជំនន់យ៉ាងគំហុក ដែលបានវាយប្រហារភាគកណ្តាលប្រទេសវៀតណាម ចាប់តាំងពីចុងសប្តាហ៍មុននេះ បានបណ្តាលឲ្យមនុស្សស្លាប់ ០៩នាក់ និង០៤នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ៕
៦៖ ក្រោយការស៊ើបអង្កេតនិងរុករកភ្លាមៗ ប៉ូលិសអាមេរិកពុំបានរកឃើញឧបករណ៍ឬកញ្ចប់សង្ស័យណាមួយឡើយ នៅក្នុងអគារទីស្នាក់ការរបស់ក្រុមហ៊ុន Facebook នៅក្រុង Menlo Park ភាគខាងជើងរដ្ឋកាលីហ្វរញ៉ា៕