(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអភិវឌ្ឍន៍ និងធ្វើតេស្តប្រព័ន្ធការពារមីស៊ីលអាមេរិក (MDA) បានប្រកាសនាថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានទទួលជោគជ័យក្នុងការសាកល្បង បាញ់កម្ទេចគោលដៅជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារ MDA ការធ្វើតេស្តខាងលើគឺជាការបង្ហាញពីសមត្ថភាពនៃប្រព័ន្ធការពារមីស៊ីល Aegis ក្នុងការតាមដាន និងបាញ់ស្ទាក់គោលដៅជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) លើទីអវកាស ដោយប្រើប្រាស់គ្រាប់មីស៊ីល SM-3 ដែលបាញ់ចេញមូលដ្ឋាន អេជីអាហ្ស័រ (Aegis Ashore) នៅកោះហាវ៉ៃ។
គួរជម្រាបថា នេះគឺជាជោគជ័យលើកទីពីរជាប់ៗគ្នា នៃការធ្វើតេស្តមីស៊ីល SM-3 Block IIA ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរួមគ្នារវាងសហរដ្ឋអាមេរិក និងជប៉ុន។ មីស៊ីលនេះ ត្រូវគេរំពឹងថា នឹងបំពាក់ទាំងនៅតាមមូលដ្ឋាន Aegis Ashore អាមេរិកក្នុងប្រទេសរ៉ូម៉ានី និងប៉ូឡូញ ព្រមទាំងមូលដ្ឋាន Aegis Ashore នាថ្ងៃអនាគតនៅជប៉ុន៕