(ម៉ូស្គូ)៖ ការប្រើប្រាស់ក្រុមប្រឹក្សាអឺរ៉ុប និងស្ថាប័នអន្តរជាតិដទៃ ជាឧបករណ៍ដាក់សម្ពាធប្រឆាំងនឹងរុស្ស៊ី គឺមានតែនាំទៅរកការបំផ្លិចបំផ្លាញ ប្រព័ន្ធកិច្ចសហប្រតិបត្តិការ និងសន្តិសុខរបស់អឺរ៉ុបទាំងមូលតែប៉ុណ្ណោះ។ នេះគឺជាសម្ដីរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងអត្ថបទមួយស្ដីពីតុល្យភាពរវាងសេរីភាព និងទំនួលខុសត្រូវ ចេញផ្សាយបន្តដោយទស្សនាវដ្ដីរុស្ស៊ី Zakon នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Medvedev បានលើកឡើងយ៉ាងដូច្នេះថា «ការប្រើប្រាស់ក្រុមប្រឹក្សាអឺរ៉ុប និងស្ថាប័នអន្តរជាតិដទៃជាឧបករណ៍ដាក់សម្ពាធប្រឆាំងនឹងរុស្ស៊ី គឺគ្រាន់តែជាមធ្យោបាយមានផ្លូវតែមួយ និងនាំទៅរកការបំផ្លិចបំផ្លាញប្រព័ន្ធ កិច្ចសហប្រតិបត្តិការ និងសន្តិសុខរបស់អឺរ៉ុបទាំងមូលតែប៉ុណ្ណោះ»។
តែយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះ នៅតែសង្កត់ធ្ងន់ដដែលថា កិច្ចសន្ទនាគឺជាផ្លូវដោះស្រាយបញ្ហាតែមួយគត់ ប៉ុន្តែកិច្ចសន្ទានានឹងលេចចេញជាលទ្ធផលល្អ ទាល់តែវាត្រូវបានរំដោះចេញពីចេតនានយោបាយ ការអនុវត្តស្ដង់ដារពីរ និង ការចោទប្រកាន់គ្មានហេតុផលជាមុនសិន៕