(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ារីសុន (Scott Morrison) បានប្រកាសថាដែនដីអូស្រ្តាលីភាគខាងត្បូង នឹងក្លាយជាទីស្នាក់ការនៃទីភ្នាក់ងារអវកាសដំបូងបំផុតនៃប្រទេសដីកោះដ៏ធំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
ទីក្រុង Adelaide ដែលជារដ្ឋធានីរបស់រដ្ឋអូស្រ្តាលីភាគខាងត្បូង បានផ្តួលគូប្រកួតមកពីបណ្តារដ្ឋ និងតំបន់ឯទៀតៗក្នុងការជ្រើសរើស ជាកន្លែងតាំងទីស្នាក់ការរបស់ទីភ្នាក់ងារអវកាសទីមួយនៃអូស្រ្តាលី។ ទីស្នាក់ការនៃទីភ្នាក់ងារអវកាសរបស់អូស្រ្តាលី នឹងទទួលបានទុនវិនិយោគជំហានដំបូងប្រមាណ ៤១លានដុល្លារអូស្រ្តាលី (២៩.៥៦លានដុល្លារ) ដើម្បីជាការចាប់ផ្តើមជម្រុញសន្ទុះសេដ្ឋកិច្ច តាមរយៈវិស័យអវកាសអូស្រ្តាលី និងបង្កើតឱកាសការងារថ្មីរាប់ម៉ឺនកន្លែង។
គួរជម្រាបថា ទីភ្នាក់ងារអវកាសអូស្រ្តាលី ត្រូវបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០១៧ និងស្ថិតក្រោមការដឹកនាំរបស់លោកស្រី មេហ្គានក្លាក (Megan Clark)។ ទីស្នាក់ការរបស់ទីភ្នាក់ងារអវកាសអូស្រ្តាលី នឹងលេចរូបរាងឡើងនៅពាក់កណ្តាលឆ្នាំ២០១៩។
ទោះបីជាអូស្ត្រាលី ហាក់ដើរក្រោយមហាអំណាចជាច្រើន នៅក្នុងបង្កើតទីស្នាក់ការធំ នៃទីភ្នាក់ងារអវកាសរបស់ខ្លួនក្តី ប៉ុន្តែបើយើងសង្កេតមើលពីលទ្ធផលកន្លងរបស់ប្រទេសនេះ គឺពិតជាធំធេងណាស់ទៅហើយ ជាពិសេសគឺវិស័យតារាសាស្ត្រ និងការចាប់រលកវិទ្យុសញ្ញាពីទីអវកាស បូករួមទាំងការសិក្សាអំពីកំណកំណើតជីវិតនានា នៅលើផែនដីជាដើម៕