(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នាថ្ងៃអង្គារសប្តាហ៍នេះ បានបើកកិច្ចប្រជុំជាមួយក្រុមអ្នកតំណាងនៃវិស័យធនាគារក្នុងប្រទេសបារាំង ដើម្បីពិភាក្សាអំពីចំណាត់ការដោះស្រាយវិបត្តិសង្គម-សេដ្ឋកិច្ច នៅចំពោះមុខការធ្វើបាតុកម្មដោយហិង្សានៅទូទាំងប្រទេសបារាំង។ នេះបើតាមសេចក្តីប្រកាសរបស់វិមាន អេលីហ្សេ (Elysee) ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
បើតាមវិមានប្រធានាធិបតីបារាំង នៅក្នុងកិច្ចប្រជុំខាងលើ លោក Macron បានស្នើឲ្យធនាគារនានា ផ្តល់ការគាំទ្រដល់អាជីវកម្មតូចៗរួមទាំងសហគ្រិន ដែលបានរងគ្រោះដោយសារវិបត្តិនាពេលបច្ចុប្បន្ន។ លោកប្រធានាធិបតីបារាំងក៏បានទទូចឲ្យវិស័យធនាគារបារាំង អនុវត្តន៍វិធានការជាក់លាក់មួយចំនួនផងដែរ រួមមានការមិនដំឡើងថ្លៃសេវាធនាគារ សម្រាប់អតិថិជននៅឆ្នាំ២០១៩ ជាដើម។
នាថ្ងៃចន្ទសប្តាហ៍នេះ លោក Macron បានប្រកាសដាក់ប្រទេសបារាំងក្នុងគ្រាអាសន្នផ្នែកសេដ្ឋកិច្ច និងសង្គម ដើម្បីជាការឆ្លើយតបចំពោះមហាបាតុកម្មដ៏កក្រើកប្រឆាំងនឹងកំណែទម្រង់របស់រដ្ឋាភិបាល។ លោក Macron បានជំរុញឲ្យនយោជកផ្តល់ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំទៅឲ្យបុគ្គលិក និងស្នើឲ្យបោះបង់ចោលគំនិត ដែលចង់ឲ្យនិវត្តន៍ជនមានចំណូលក្រោម ២,២៧៥ដុល្លារចូលរួមចំណែកបងពន្ធធានារ៉ាប់រងសង្គម ហើយលោកប្រធានាធិបតីបារាំង ក៏បានសន្យាដំឡើងប្រាក់ឈ្នួលអប្បបរមាសំដៅដោះស្រាយវិបត្តិសង្គម-សេដ្ឋកិច្ចរបស់ប្រទេសផងដែរ។
គួរជម្រាបថា ក្រុមបាតុកម្មដែលគេហៅថា «អាវកាក់ពណ៌លឿង» បានបន្តអុកឡុកប្រទេសបារាំងចាប់តាំងតែពីថ្ងៃទី១៧ ខែវិច្ឆិកាមក ដោយចលនានេះបានផ្ទុះឡើងកាន់តែធំឡើងៗ ពីការប្រមូលផ្តុំតវ៉ាប្រឆាំងការបង្កើនពន្ធប្រេងសាំង-ម៉ាស៊ូតរហូតក្លាយជាការបញ្ចេញកំហឹងនៅទូទាំងប្រទេសទាំង ប្រឆាំងនឹងការកើនឡើងនៃថ្លៃចាយវាយសម្រាប់ការរស់នៅព្រមទាំងគោលនយោបាយរបស់រដ្ឋាភិបាលបារាំងតែម្តង៕