(បាងកក)៖ នាយប៉ូលិសថៃម្នាក់បានទៅប្រគល់ខ្លួនឲ្យសមត្ថកិច្ច និងសារភាពថា រូបគេបានសម្លាប់ជនជាតិបារាំងម្នាក់ ក្រោយមានជម្លោះវាយតប់គ្នាមួយ ក្នុងតំបន់ស៊ុកខុមវីត (Sukhumvit) ក្នុងទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
ការិយាល័យអន្តោប្រវេសន៍បានឱ្យដឹងនៅថ្ងៃពុធនេះថា ប៉ូលិសដែលបានបាញ់សម្លាប់បុរសជនជាតិបារាំងខាងលើមានឈ្មោះថា កាន់ថាភុង ហួដស្រ៊ី (Kantapong Huadsri) មកពីស្ថានីយប៉ូលិស លុមភីនី (Lumpini)។ ចំណែកឯជនរងគ្រោះជាជនជាតិបារាំងវិញមានឈ្មោះថា ម៉ាលីក (Malik) អាយុ ៣៥ឆ្នាំ បានស្លាប់នៅមុខក្លឹបកម្សាន្តមួយកន្លែងក្នុងតំបន់ Sukhumvit 13 នៃស្រុកសង្កាត់វ៉ាត់ថាណា (Watthana) កាលពីយប់ថ្ងៃអង្គារកន្លងទៅ។
បើតាមស្នងការប៉ូលិសថៃ ប៉ូលិសឈ្មោះ Huadsri បានប្រគល់ខ្លួនឱ្យស្ថានីយប៉ូលិស Lumpini និងសារពភាពពីទោសកំហុស។ ប៉ុន្តែករណីឃាតកម្មនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈមានសេចក្ដីរាយការណ៍ខ្លះថា មានបុរសម្នាក់ផ្សេងទៀតបានស្ថិតនៅកន្លែងកើតហេតុ ជាមួយប៉ូលិសរូបនេះដែរ៕