(ហាណូយ)៖ ទឹកជំនន់យ៉ាងគំហុក ដែលបានវាយប្រហារភាគកណ្តាលប្រទេសវៀតណាម ចាប់តាំងពីចុងសប្តាហ៍មុននេះ បានបណ្តាលឲ្យមនុស្សស្លាប់ ០៩នាក់ និង០៤នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម NDPC ទឹកជំនន់បានវាយប្រហារខេត្តចំនួន ០៥ នៅភាគកណ្តាលប្រទេសវៀតណាមដូចជា ក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien Hue), ក្វាងណាំ (Quang Nam), ក្វាងង៉ៃ (Quang Ngai) និងប៊ិញឌិញ (Dinh Dinh) ដែលសរុបចំនួនមនុស្សស្លាប់ និងបាត់ខ្លួននៅខេត្តទាំងនេះមានចំនួន ១៣នាក់។
គួរបញ្ជាក់ថា ក្រៅពីមនុស្សរងគ្រោះ លំនៅឋាន ២៣,១០០ខ្នងរងការបំផ្លិចបំផ្លាញ, សត្វពាហនៈ ៦១,៨០០ក្បាលងាប់ និងស្ពាន-ថ្នល់រាប់រយគីឡូម៉ែត្ររងការខូចខាត។ សរុបតួលេខនៅក្នុងរយៈពេល ១១ខែនៃឆ្នាំ២០១៨នេះ ប្រជាជនវៀតណាម ១៨៩នាក់ស្លាប់ និងថវិកាខាតបង់ជិត ៤០០លានដុល្លារ ដោយសារតែគ្រោះធម្មជាតិគ្រប់ប្រភេទ ជាពិសេសគឺទឹកជំនន់ បំណាក់ដី និងព្យុះសង្ឃរានៅទូទាំងប្រទេស៕