(ស៊ីដនី)៖ នៅក្នុងព្រៃមួយនៃដែនដីកោះ Tasmania ដែលជាកោះធំមួយរបស់អូស្ត្រាលី ស្ថិតនៅក្បែរតំបន់ប៉ូលខាងត្បូងភពផែនដីនោះ ដើមឈើមួយដើមមាននាមជាដើមឈើខ្ពស់បំផុតនៅលើលោក ទើបតែបានលូតកម្ពស់បន្ថែមទៀត ហើយវាត្រូវបានចាត់ទុកជាភាពអស្ចារ្យបំផុតនៃធម្មជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
ដើមឈើខ្ពស់មួយក្នុងចំណោមដើមឈើខ្ពស់ៗដទៃទៀតនៅ Tasmania គឺបានលូតកម្ពស់ដល់ ១០០.៥ម៉ែត្រ ដែលកាលពីការវាស់វែងលើកមុន វាមានកម្ពស់ត្រឹមតែ ៩៩.៧ម៉ែត្រប៉ុណ្ណោះ។ ទោះជាបែបនេះក្តី ដើមឈើខាងលើនេះមានកម្ពស់ទាបជាងដើមឈើខ្ពស់បំផុតលើលោក ដែលស្ថិតនៅក្នុងងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានកម្ពស់រហូតដល់ ១១៥.៥៥ម៉ែត្រឯណោះ។
គួរបញ្ជាក់ថា នៅកោះ Tasmania ដើមឈើប្រភេទខាងលើនេះ ត្រូវបានដាក់ឈ្មោះឲ្យថា Centurion។ អន្តរជាតិទទួលស្គាល់ថា Centurion បានឈានដល់រយៈកម្ពស់ ១០០.៥ម៉ែត្រ បើគិតពីគល់ជាប់ដីរបស់វាឡើងដល់ចុង ដោយលូតពីរយៈកម្ពស់ ៩៩.៧ម៉ែត្រ ដែលត្រូវបានអ្នកឡើងភ្នំម្នាក់ធ្វើវាស់កាលពីឆ្នាំ២០០៨។ បើតាមក្រុមជំនាញ ដើមឈើឈ្មោះ Centurion ទើបតែមានអាយុ ៥០០ឆ្នាំប៉ុណ្ណោះ ដែលវាក្មេងណាស់បើធៀបទៅនឹងដើមឈើខ្ពស់ជាងគេលើលោកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលមានអាយុកាលរហូតដល់ ៣,០០០ឆ្នាំ។
ប្រភេទដើមឈើទាំងពីរខាងលើនេះពិតជាពិសេសខ្លាំងណាស់ ដោយវាអាចលូតលាស់ដល់កម្រិត ៩០ម៉ែត្រ នៅក្នុងរយៈពេល ៩០ឆ្នាំ ប៉ុន្តែដើមឈើពណ៌ប្រផេះនៅ Tasmania វាមានអាយុកាលខ្លីជាងឆ្ងាយ បើធៀបនឹងដើមឈើពណ៌ក្រហម ដែលស្ថិតនៅកាលីហ្វ័រញ៉ា៕