(គុយបា)៖ ប្រធានាធិបតីគុយបាលោក មីហ្គែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel) បានព្រលះសហរដ្ឋអាមេរិកធ្ងន់ៗថា ជាមេរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក ដែលគ្មានអំណាច ឬសិទ្ធិខាងសីលធម៌អ្វីមករិះគន់បញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសរបស់លោកនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
លោក Diaz-Canel ធ្វើការកត់សម្គាល់បែបនេះនៅលើ Twitter ផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃអង្គារសប្ដាហ៍នេះ។ ប្រធានាធិបតីគុយបារូបនេះបានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកគ្មានអំណាច ឬសិទ្ធិខាងសីលធម៌អ្វី មកនិយាយពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសគុយបានោះទេ ព្រោះនរណាៗក៏ដឹងដែរថា អាមេរិកមានគោលជំហរពុតត្បត់ មិនចេះខ្មាសអៀន និងចូលចិត្តអនុវត្តន៍ស្ដង់ដារពីរ។ លើសពីនេះទៅទៀត ប្រទេសមួយនេះបានរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក តាមរយៈការលក់អាវុធ និងធ្វើសង្រ្គាម»។
គួរជម្រាបថា ការលើកឡើងខាងលើរបស់លោក Miguel Diaz-Canel កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ចោទប្រកាន់អាជា្ញធរគុយបាថា បានរំលោភសិទ្ធិមនុស្សលើអ្នកទោសនយោបាយនៅក្នុងប្រទេស។ ម្យ៉ាងវិញទៀត ការចោទប្រកាន់នេះទៀត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចចិត្តបិទការិយាល័យអន្តោប្រវេសន៍ (Citizenship and Immigration Service office) ក្នុងទីក្រុងឡាហាវ៉ាន់ ដោយសារតែគ្មានភាពជឿនលឿននៃការធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ៕