(សាន់ហ្វាន់ស៊ីស្កូ)៖ បុគ្គលិកទាំងអស់នៅក្នុងអគារទីស្នាក់ការនៃក្រុមហ៊ុន Facebook ក្នុងទីក្រុង Menlo Park នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ត្រូវបានជម្លៀសចេញជាបន្ទាន់នាយប់ថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីមានការហៅទូរស័ព្ទព្រមានពីការបង្កៃគ្រាប់បែកនៅក្នុងនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
កម្លាំងប៉ូលិសក្រុង មែនឡូ ផាក (Menlo Park) បានបញ្ជាក់ថា ក្រុមជំនាញដោះគ្រាប់បែករបស់ខ្លួនកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីរុករកវត្ថុសង្ស័យនៅក្នុង និងជុំវិញអគារទីស្នាក់ការ Facebook។ ការហៅទូរស័ព្ទព្រមានពីការបង្កៃគ្រាប់បែកនេះ ត្រូវគេរាយការណ៍ថា ដំបូងឡើយបានធ្វើឡើងទៅកាន់កម្លាំងប៉ូលិសនៅទីក្រុងញូយ៉កឯណោះទេ ដោយក្រោយមកទើបមានការបញ្ជូនដំណឹងបន្តទៅកាន់អាជ្ញាធរនៅ Menlo Park។
គួរជម្រាបថា ក្តីកង្វល់អំពីអគារស្នាក់ការរបស់ក្រុមហ៊ុនបច្ចេកវិទ្យានៅតំបន់ សាន់ហ្វ្រាន់ស៊ីស្កូ បេយ (San Francisco Bay Area) ភាគខាងជើងរដ្ឋកាលីហ្វរញ៉ា បានកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសបន្ទាប់ពីមានករណីបាញ់ប្រហារ នៅក្នុងបរិវេណក្រុមហ៊ុន YouTube នៅក្រុង សានប្រ៊ូណូ (San Bruno) កាលពីខែមេសាកន្លងទៅ។ ដោយឡែកករណីនៅទីស្នាក់ Facebook នេះវិញ គឺស្ថានការណ៍ជារួមកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរនៅឡើយ៕