(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកត្រូវគេរាយការណ៍ថា កំពុងរៀបចំចំណាត់ការថ្មីៗមួយចំនួនទៀត ដែលមានគោលដៅលើអុកឡុកវិស័យពាណិជ្ជកម្ម ព័ត៌មានវិទ្យា និងសេដ្ឋកិច្ចចិន ដើម្បីដាក់សម្ពាធទីក្រុងប៉េកាំងឲ្យផ្លាស់ប្តូររបៀបនៃការធ្វើពាណិជ្ជកម្មរបស់ខ្លួន ដែលសហរដ្ឋអាមេរិកខ្លួនឯងចាត់ទុកថា មិនត្រឹមត្រូវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
បើតាមសារព័ត៌មានអាមេរិក New York Times ចំណាត់ការទាំងនោះត្រូវបានពិចារណារាប់ខែមកហើយ ដោយបណ្តាទីភ្នាក់ងារពាក់ព័ន្ធនៃរដ្ឋាភិបាលអាមេរិក ហើយចំណាត់ការថ្មីទាំងអស់នេះត្រូវគេរំពឹងថា នឹងប្រកាសចេញជាផ្លូវការយ៉ាងឆាប់បំផុត គឺនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នៅចំពោះមុខក្តីព្រួយបារម្ភកាន់តែខ្លាំងពីអ្នកវិភាគអាមេរិកថា ចិននឹងមិនផ្លាស់ប្តូរការដើរខ្សែលើក្នុងវិស័យពាណិជ្ជកម្មជាមួយអាមេរិកនោះឡើយ។
រដ្ឋាភិបាលអាមេរិកគ្រោងនឹងបន្តរក្សាយុទ្ធនាការ ដាក់សម្ពាធលើចិនដើម្បីធានាថាទីក្រុងប៉េកាំង គោរពតាមការប្តេជ្ញាដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាកាលពីអំឡុងកិច្ចប្រជុំ G20 នៅអាហ្សង់ទីនកាលពីដើមខែធ្នូនេះ ដែលសម្រេចបាននូវការផ្អាកជម្លោះពាណិជ្ជកម្មរយៈពេល ៩០ថ្ងៃ ប៉ុន្តែវាមិនបានស្ងប់ស្ងាត់ទាំងស្រុង ដូចការព្រមព្រៀងនោះឡើយ។
គួរជម្រាបថា ទង្វើនេះត្រូវគេមើលឃើញថាអាចជះផលអវិជ្ជមានមកលើអាមេរិកទៅវិញ ដោយសម្អាងថា ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗ និងបុគ្គលដទៃទៀតដែលមានទំនាក់ទំនងជាមួយក្រសួងសន្តិសុខជាតិចិន បានស្ថិតក្រោមមុខសញ្ញានៃការស៊ើបអង្កេត។ ជាងនេះទៅទៀត ការចាប់ខ្លួនលោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ដែលជានាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទូរគមនាគមន៍ Huawei នៅកាណាដាតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យចិនខឹងសម្បារជាខ្លាំងហើយបានចោទអាមេរិក និងកាណាដាថា បានរំលោភលើសិទ្ធិមនុស្សស្រស់ៗតែម្តង៕