ក្រុមហ៊ុនអាមេរិក Google កំពុងសិក្សាលទ្ធភាពបើកទីស្នាក់ការ នៅក្នុងប្រទេសវៀតណាម (Video inside)
12-12-2018 09:37
(ហាណូយ)៖ រដ្ឋាភិបាលទីក្រុងហាណូយ បាននិយាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក Google កំពុងសិក្សាពីលទ្ធភាពនៃការបើកការិយាល័យតំណាងរបស់ខ្លួន ប្រចាំនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
រដ្ឋាភិបាលវៀតណាម ធ្វើការអះអាងបែបនេះ នៅលើគេហទំព័ររបស់ខ្លួន ដោយផ្អែកលើប្រភពបានមកពីអនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Google លោក ខែន វ៉កខឺ (Kent Walker)។ គេហទំព័រដដែលបានបញ្ជាក់ដោយយោងលើសម្ដីលោក Walker យ៉ាងដូច្នេះថា «ក្រមហ៊ុន Google កំពុងសិក្សាពីការបើកការិយាល័យតំណាង នៅក្នុងប្រទេសវៀតណាម ជាមួយការទទួលបានគោលការណ៍ធានាពិសេសមួយ ដែលស្របតាមច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា ព័ត៌មានខាងលើកើតមានឡើង ខណៈច្បាប់ស្ដីពីសន្តិសុខព័ត៌មានវិទ្យាដ៏ចម្រូង ចម្រាស់របស់វៀតណាម នឹងត្រូវចូលជាធរមានដើមឆ្នាំក្រោយ ជាមួយការតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ត្រូវបើកការិយាល័យតំណាង និងផ្ទុកទិន្នន័យនៅក្នុងប្រទេស ដោយសារតែទីក្រុងហាណូយ បានមើលឃើញនូវការវាយប្រហារផ្នែកព័ត៌មានវិទ្យាកាន់តែខ្លាំងឡើងៗ នៅទូទាំងសកលលោក៕