(កាណាដា)៖ តុលាការមួយក្នុងប្រទេសកាណាដា បានសម្រេចចិត្តអនុញ្ញាតឱ្យនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន ខណៈលោកស្រីកំពុងប្រឈមមុខនឹងការធ្វើបត្យាប័នទៅកាន់
សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
ចៅក្រមនៃតុលាការក្នុងទីក្រុង Vancouver បានអនុញ្ញាតឱ្យលោកស្រី Meng ស្ថិតនៅក្រៅឃុំ ជាមួយប្រាក់តម្កល់ ៧.៤លានដុល្លារ។ ប៉ុន្តែលោកស្រីមិនអាចចាកចេញពីប្រទេសកាណាដាឡើយ ហើយត្រូវដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ២៤ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងត្រូវពាក់ឧបករណ៍តាមដានផងដែរ។
គួរបញ្ជាក់ថា លោកស្រី Meng Wanzhou មានអាយុ៤៦ឆ្នាំ និងជាកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបាន អាជ្ញាធរកាណាដាចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ តាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទលោកស្រីថាបានប្រើ ប្រាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Huawei ឈ្មោះ Skycom រកស៊ីជាមួយអ៊ីរ៉ង់ដោយរំលោភលើទណ្ឌកម្មអាមេរិកនៅ ចន្លោះឆ្នាំ២០០៩ និង២០១៤។ ប៉ុន្តែទន្ទឹមគ្នា ការចាប់ខ្លួនលោកស្រី Meng បានបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំងរហូតដល់ ព្រមានកាណាដាពីផលវិបាកធ្ងន់ធ្ងរ បើមិនព្រមដោះលែងលោកស្រីទេនោះ៕