(បាងកក)៖ រដ្ឋាភិបាលយោធាថៃ នៅថ្ងៃអង្គារនេះ បានដកការហាមឃាត់លើការធ្វើយុទ្ធនាការនយោបាយ មុនពេលនៃការបោះឆ្នោតសកល ឆ្នាំ២០១៩ខាងមុខមកដល់, នេះបើយោងតាមសារព័ត៌មាន AFP ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ។
ការដកការហាមឃាត់នេះ បានធ្វើឡើងបន្ទាប់ពីលក្ខខណ្ឌនេះ ត្រូវបានដាក់អស់រយៈពេលជាង៤ឆ្នាំ ក្រោយពីមានការធ្វើរដ្ឋប្រហារ កាលពីឆ្នាំខែឧសភា ឆ្នាំ២០១៤។ ការហាមឃាត់ធ្វើយុទ្ធនាការនយោបាយ គឺជាសកម្មភាពដំបូងគេបង្អស់របស់ក្រុមយោធា បន្ទាប់ពីបានកាន់កាប់អំណាច ដើម្បីកម្ចាត់សកម្មភាពនយោបាយគ្រប់ប្រភេទ។
ការហាមឃាត់នេះ ដែលត្រូវបានដកជាផ្លូវការ នៅថ្ងៃអង្គារនេះ បានជំរុញឲ្យគណៈកម្មការរៀបចំការបោះឆ្នោតបញ្ជាក់ថា ការបោះឆ្នោតនឹងធ្វើឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។
បទបញ្ជាមួយ ដែលត្រូវបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-O-Cha បានចេញផ្សាយថា «គណបក្សនយោបាយទាំងអស់ អាចធ្វើយុទ្ធនាការ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់ពួកគេបាន»៕