(ហ្សឺណែវ)៖ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឱ្យដឹងថាជនភៀសខ្លួនស៊ីរីជាង ២៥០,០០០នាក់ អាចនឹងត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញនៅឆ្នាំ២០១៩ខាងមុខនេះ ខណៈជនភៀសខ្លួនខ្លះ កំពុងជួបបញ្ហារៀបចំឯកសារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
នាយក UNHCR ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក លោក Amin Awad បានបញ្ជាក់នៅថ្ងៃអង្គារនេះទៀតថា ជនភៀស ខ្លួនស៊ីរី៥.៦លាននាក់ កំពុងស្នាក់នៅតាមប្រទេសក្បែរខាងស៊ីរីដូចជា តួកគី លីបង់ ហ្ស៊កដានី អេហ្ស៊ីប និងអ៊ីរ៉ាក់ជាដើម។ លោកបន្ថែមថា កុមារស៊ីរី១លាននាក់ បានចាប់កំណើតនៅក្រៅប្រទេស និងមានលិខិតបញ្ជាក់កំណើតបរទេសដែលត្រូវបាន រដ្ឋាភិបាលស៊ីរីទទួលស្គាល់។
គួរបញ្ជាក់ថា បើតាម UNHCR ជនភៀសខ្លួន ៣៧,០០០នាក់ បានត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញក្នុងឆ្នាំ២០១៨នេះ ហើយ អង្គការអន្តរជាតិមួយនេះក៏បានស្នើសុំជំនួយមនុស្សធម៌ ៥.៥ពាន់លានដុល្លារផងដែរ ដើម្បីគាំទ្រក្នុងកិច្ចការជួយដល់ ជនភៀសខ្លួន៕