(កង់បេរ៉ា)៖ ទីបំផុតយានអវកាស Voyager-2 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានចេញផុតពីដែនសីមារបស់ព្រះអាទិត្យហើយឈានចូលដល់តំបន់ចន្លោះប្រព័ន្ធផ្កាយ ដែលគេហៅថា «Interstellar Space» ដូចយានភ្លោះរបស់វា គឺ Voyager-1 ដែរហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់ NASA យាន Voyager-2 ដែលកំពុងស្ថិតនៅចម្ងាយប្រមាណ ១៨ពាន់លានគីឡូម៉ែត្រពីផ្កាយរបស់យើង បានឆ្លងចូលតំបន់ Interstellar Space ហើយ ក្រោយការធ្វើដំណើររយៈពេល ៤១ឆ្នាំ ក្នុងទីអវកាសជាមួយចម្ងាយផ្សងព្រេងសរុបប្រហែល ៣០ពាន់លានគីឡូម៉ែត្រ។
គួរជម្រាបថា យានអវកាស Voyager-2 គឺជាយានទី ២ ហើយដែលបានស្គាល់តំបន់ Interstellar Space ដែលស្ថិតនៅចម្ងាយ ១៨ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ ក្រោយពីយាន Voyager-1 ដែលជាយានភ្លោះរបស់វា បានឆ្លងចូលតំបន់នេះកាលពីខែសីហា ឆ្នាំ២០១២ ពោលគឺ៣៥ឆ្នាំក្រោយវាត្រូវបានគេបញ្ជូនឡើងទីអវកាស។ បច្ចុប្បន្ន Voyager-1 ស្ថិតនៅចម្ងាយជាង២១ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។
ដោយសារតែទីតាំង និងចម្ងាយដ៏ឆ្ងាយរបស់ Voyager-2 ពីផែនដីមានតែមូលដ្ឋានតេឡេស្កូបចំនួនពីរប៉ុណ្ណោះរបស់អូស្រ្តាលី ដែលមានសមត្ថភាពទទួលទិន្នន័យពីយានអវកាសនេះបាន ខណៈអង្គការ NASA ក៏ទើបតែបានចាប់ដៃសហការជាមួយទីភ្នាក់ងារវិទ្យាសាស្រ្តជាតិអូស្រ្តាលី ជុំវិញបញ្ហានេះផងដែរ។
ក្នុងអំឡុងពេលជាង ៤០ឆ្នាំរបស់វា យានអវកាស Voyager-2 បានហោះកាត់ភពព្រហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn), ភពអុយរ៉ាណុស, និងភពណិបទូន ដោយបានផ្តល់ព័ត៌មានមានប្រយោជន៍ជាច្រើនអំពីភពទាំងបួន ដែលជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរាប់ទសវត្សរ៍មកនេះ៕