(ម៉ូស្គូ)៖ វិមានក្រឹមឡាំង​បានប្រតិកម្មបក​ទៅវិញភ្លាមៗ បន្ទាប់ពីរដ្ឋមន្រ្តី​ការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាន​ថ្លែងរិះគន់​​រដ្ឋាភិបាល​រុស្ស៉ី ចំពោះការបញ្ជូន​យន្តហោះ​ទម្លាក់គ្រាប់បែក ០២គ្រឿង​ឆ្លងមហាសមុទ្រ និងសមុទ្របីបួន​ទៀតទៅ​​កាន់​វេណេស៊ុយអេឡា។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ Bloomberg នៅល្ងាច​ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

នាថ្ងៃចន្ទសប្តាហ៍នេះ​លោក Pompeo បានបង្ហោះសារលើ​បណ្តាញ​សង្គម Twitter យ៉ាង​ដូច្នេះថា «​ប្រជាជនរុស្ស៊ី ​និង​វេណេស៊ុយអេឡា គួរតែស្វែង​យល់​​ឲ្យច្បាស់​ពី​ទិដ្ឋភាព​ជាក់ស្តែងនៃ​សកម្មភាព​នេះ គឺ​រដ្ឋាភិបាលពីរដែលពុករលួយ កំពុងខ្ជះ​ខ្ជាយ​​ថវិការដ្ឋ​ព្រមទាំងគាបសង្កត់​សិទ្ធិសេរីភាព ​ស្របពេលដែល​ប្រជាពលរដ្ឋ​របស់ខ្លួន​កំពុងរងទុក្ខ»។ ដោយ​មិន​បង្អង់យូរ ​វិមាន​ក្រឹមឡាំង​បានចេញមុខ​​ថ្កោលទោស​សេចក្តីថ្លែងការណ៍​​លើបណ្តាញសង្គម​របស់លោក Pompeo ថាជា​រឿងមិនសមរម្យ​និងគ្មានលក្ខណៈ​ការទូត​​ទាល់តែ​សោះ។

គួរជម្រាបថា បើការបញ្ជាក់​ក្រសួងការពារជាតិ​រុស្ស៉ី យន្តហោះទម្លាក់​គ្រាប់បែករុស្ស៊ី ០២គ្រឿង បានចុះចត​​នៅ​អាកាស​យានដ្ឋានអន្តរជាតិ​នៃទីក្រុង ម៉ៃក្វេធា (Maiquetia) ក្បែរ​រដ្ឋធានី​ការ៉ាកាស់ បន្ទាប់ពី​ប្រធានាធិបតីវេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បាន​បង្ហាញ​ជំនឿ​ជឿជាក់​ខ្ពស់ថា សហរដ្ឋអាមេរិក​កំពុងរៀបចំផែនការ ធ្វើរដ្ឋ​ប្រហារ​ទម្លាក់​​រដ្ឋាភិបាល​របស់​​លោក​។

ការចល័ត​យន្តហោះ​ទម្លាក់គ្រាប់បែក​រុស្ស៊ី Tu-160 ទៅកាន់វេណេស៊ុយអេឡា​ពុំមែនជាលើកទីមួយ​ឡើយ ដោយ​យន្ត​ហោះ​នេះ​ក៏ធ្លាប់បានទៅ​ដល់​ទឹកដីប្រទេស​វេណេស៊ុយអេឡា នៅខែកញ្ញា ឆ្នាំ២០០៨ និង​ខែតុលា-វិច្ឆិកា ឆ្នាំ២០១៣​ ផង​ដែរ៕