(ម៉ូស្គូ)៖ វិមានគ្រឹមឡាំងបាននិយាយថា ការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការមិនបន្តសុពលភាពលើសន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី គឺជារឿងគួរឱ្យសោកស្ដាយជាទីបំផុត និងប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាជនអ៊ុយក្រែន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានលើកឡើងយ៉ាងដូច្នេះថា «យើងបានត្រឹមតែសម្ដែងការសោកស្ដាយប៉ុណ្ណោះ ចំពោះការសម្រេចចិត្តដ៏ឆាប់រហ័សរបស់ថ្នាក់ដឹកនាំអ៊ុយក្រែន ហើយជាការយល់ឃើញរបស់យើង ការសម្រេចចិត្តនេះគឺការមិនគោរពដល់ប្រជាជន និងផលប្រយោជន៍របស់ខ្លួនឯង»។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាពកិច្ចសហប្រតិបតិ្តការ និងភាពជាដៃរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានធ្វើឡើងកាលពីឆ្នាំ១៩៩៧។ ភាពតានតឹង រវាងទីក្រុងកៀវ និងទីក្រុងម៉ូស្គូ បានផ្ទុះឡើងជាថ្មីក្រោយមានការប៉ះទង្គិចគ្នា និងការរឹបអូសទូកអ៊ុយក្រែនជាច្រើនគ្រឿង ពីសំណាក់រុស្ស៊ីនៅឯច្រកសមុទ្រ Kerch។ ប៉ុន្តែតាមការពិតភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើងតាំងតែពី ឆ្នាំ២០១៤មកម្ល៉េះ ក្រោយរុស្ស៊ីក្រសោបយកតំបន់ឧបទ្វីបគ្រីមៀពីអ៊ុយក្រែន៕