(អាល្លឺម៉ង់)៖ កិច្ចផ្តួចផ្តើមឈ្មោះថា Breakthrought Starshot កំពុងអភិវឌ្ឍន៍ប្រព័ន្ធឡាស៊ែរដ៏ខ្លាំក្លាមួយ ដើម្បីបញ្ជូនយានអវកាសទៅរុករកនៅប្រព័ន្ធផ្កាយដទៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Business Insider នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
គម្រោងនេះត្រូវបានរៀបចំឡើង ដោយផ្អែកលើការសិក្សាស្រាវជ្រាវយ៉ាងលម្អិតជាច្រើន អំពីការធ្វើដំណើរឆ្លងប្រព័ន្ធផ្កាយ ខណៈមហាសេដ្ឋីសញ្ជាតិអាមេរិកដើមកំណើតរុស្ស៉ី លោក Yuri Milner ព្រមទាំងកំពូលមហាសេដ្ឋីអាមេរិកជាច្រើនរូបទៀត កំពុងតែឧបត្ថម្ភលុយម្នាក់រាប់លានដុល្លារ សម្រាប់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍១០ឆ្នាំដំបូង។ គម្រោង Starshot ក៏មានការចូលរួមសហការពីអ្នកវិទ្យាសាស្រ្តជំនាញៗផងដែរ។
គម្រោងពោរពេញដោយមហិច្ឆតានេះ មានគោលដៅចង់បញ្ជូនក្រុមយានអវកាសខ្នាតតូចហៅថា StarChip ប្រហែល ១,០០០គ្រឿងឆ្ពោះទៅកាន់ប្រព័ន្ធផ្កាយ Alpha Centauri (ចម្ងាយ៤.៣៦៧ឆ្នាំពន្លឺ) ដែលជាប្រព័ន្ធផ្កាយនៅកៀកផែនដីបំផុតលំដាប់ទីពីរ ជាមួយល្បឿនធ្វើដំណើរស្មើនឹង ២០ភាគរយនៃល្បឿនពន្លឺ គឺខ្ទង់ ២១៦លានគីឡូម៉ែត្រក្នុងមួយម៉ោង តាមរយៈការប្រើប្រាស់ប្រព័ន្ធឡាស៊ែរដែលមានថាមពលប្រហែល ១០០ជីហ្គាវ៉ាត់ពីផែនដី។ គោលដៅមួយទៀតដែលស្ថិតក្រោមការពិចារណា គឺប្រព័ន្ធផ្កាយ Proxima Cenauri ដែលកាន់តែនៅជិតផែនដី គឺ ៤.២៤៣ឆ្នាំពន្លឺ ហើយអាចមានផ្ទុកភពដែលទ្រទ្រង់ជីវិតបានថែមទៀត។
គួរជម្រាបថា បើតាមការបញ្ជាក់ពីក្រុមវិស្វកររបស់ StarShot ប្រព័ន្ធកាំរស្មីឡាស៊ែរកម្លាំង១០០ជីហ្គាវ៉ាត់នោះ នឹងខ្លាំងគ្រប់គ្រាន់រហូតដល់អាចធ្វើឲ្យទីក្រុងធំមួយឆេះបាន ប្រសិនបើវាជះពន្លឺពីផ្ទាំងកញ្ចក់មួយក្នុងទីអវកាស ត្រឡប់មកកាន់ផែនដី។ បើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក ក្រុមយាន StarChip នឹងចាកចេញពីផែនដីនៅពាក់កណ្តាលខ្ទង់ទសវត្សរ៍២០៣០ ខណៈពួកវាអាចបញ្ជូនរូបភាពផ្ទាល់ដំបូងបំផុត នៃភពអេលៀនទំហំប៉ុនផែនដី មកឲ្យមនុស្សលោកយើងបានឃើញនៅខ្ទង់ទសវត្សរ៍ឆ្នាំ២០៦០ (ការធ្វើដំណើរនេះអាចចំណាយពេល ២៥ឆ្នាំ ហើយការទទួលទិន្នន័យផ្សេងៗនឹងត្រូវប្រើពេលឆាប់ពី ០៤ឆ្នាំឡើងទៅ ដោយយោងទៅលើចម្ងាយគោលដៅ)៕