(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក នឹងដកកងទ័ពរាប់រយនាក់ចេញពីព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិចស៊ីកូ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក រ៉ូប មែននីង (Rob Manning) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Manning បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា «អង្គភាពខ្លះបានបំពេញការងាររបស់ពួកគេចប់សព្វគ្រប់ហើយ... ដូច្នេះពួកគេនឹងត្រូវដកចេញពីព្រំដែនភាគខាងត្បូង ជាប់ប្រទេសម៉ិចស៊ីកូ និងត្រឡប់ទៅផ្ទះវិញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ លោក Manning បន្ថែមថា បច្ចុប្បន្នកងទ័ព ៥,២០០នាក់ កំពុងឈរជើងនៅឯតំបន់ព្រំដែនភាគខាងត្បូងជាប់ម៉ិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ មកពីតំបន់អាមេរិកកណ្ដាល។
គួរជម្រាបថា អាជ្ញាធរអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ ក៏បានចាប់ខ្លួនមនុស្ស ៣២នាក់ ក្នុងបាតុកម្មតវ៉ាមួយនៅឯឧទ្យានហ្វាលស្តេត (Field State) នៃទីក្រុងសាន់ឌីហ្គោ (San Diego) ដែលមានពំ្រប្រទល់ជាប់ទីក្រុងទីជួអាណា (Tijuana) ប្រទេសម៉ិចស៊ីកូ។ សម្រាប់ការសម្រេចចិត្តដកនេះ គឺអាមេរិកមិនបានបញ្ជាក់មូលហេតុនោះឡើយ ប៉ុន្តែវាបានកើតមានឡើងបន្ទាប់ពីតំបន់ព្រំដែន កាន់តែមានភាពតានតឹងដោយសារលំហូរនៃជនភៀសខ្លួនកាន់តែខ្លាំងឡើង៕