(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អង្គភាពឃ្លាំមើលសាជីវកម្មនៃប្រទេសអូស្រ្តាលី នាថ្ងៃចន្ទនេះបានបង្ហាញនូវអនុសាសន៍ ១១ចំណុចក្នុងរបាយការណ៍ មួយដែលមានគោលដៅរឹតត្បិតឥទ្ធិពលក្នុងទីផ្សារប្រកួតប្រជែង របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google និង Facebook៕
២៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមេទ្រី ផេស្កូវ (Dmitry Peskov) នាថ្ងៃចន្ទនេះបានចេញមុខបកស្រាយថារុស្ស៊ី ចាត់ទុកបាតុកម្មនៅបារាំងជារឿងផ្ទៃក្នុងរបស់ប្រទេសនោះ ហើយមិនបានលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ ទៀតឡើយ ដោយការអះអាងថារុស្ស៉ីមានជាប់ពាក់ព័ន្ធនឹងបាតុកម្មនៅបារាំង គឺជាការមួលបង្កាច់ចង់បង្ខូចកេរ្តិ៍ឈ្មោះទីក្រុងម៉ូស្គូសុទ្ធសាធ៕
៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឯកភាពចំពោះសំណើរបស់រដ្ឋមន្ត្រីការពារជាតិលោក ចេមស៍ ម៉ាត់ទីស (James Mattis) ក្នុងការបង្កើនកញ្ចប់ថវិកាការពារជាតិដល់ ៧៥០ពាន់លានដុល្លារក្នុងសារពើពន្ធឆ្នាំ២០១៩៕
៤៖ នាថ្ងៃចន្ទនេះឥណ្ឌាបានធ្វើការបាញ់សាកល្បងដោយជោគជ័យមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ Agni-V ចេញពីមូលដ្ឋាន សម្រាប់ការធ្វើតេស្តសព្វាវុធ នៅរដ្ឋ Odisha ភាគខាងកើតប្រទេស៕
៥៖ វិទ្យាស្ថានមួយរបស់ប្រទេសស៊ុយអែត នៅថ្ងៃចន្ទនេះបានឱ្យដឹងថា រុស្ស៊ីបានក្លាយជាប្រទេសផលិតអាវុធធំជាងគេលំដាប់ ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងឡើងជំនួសតំណែងអង់គ្លេស ដែលបានកាន់តំណែងជាប្រទេសផលិត អាវុធជាប់លេខ២ ចាប់តាំងពីឆ្នាំ២០០២ មក៕
៦៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជានឹងមិនបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងសេអ៊ូល នៅក្នុងឆ្នាំ២០១៨នេះទេ៕