(ញូដេលី)៖ នាថ្ងៃចន្ទនេះឥណ្ឌាបានធ្វើការបាញ់សាកល្បងដោយជោគជ័យមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ Agni-V ចេញពីមូលដ្ឋានសម្រាប់ការធ្វើតេស្តសព្វាវុធ នៅរដ្ឋ Odisha ភាគខាងកើតប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
មីស៊ីល Agni-V ត្រូវគេរំពឹងថានឹងអាចប្រើប្រាស់បានជាផ្លូវការនាពេលឆាប់ៗខាងមុខ។ មីស៊ីលរយៈចម្ងាយឆ្ងាយនេះ មានសមត្ថភាព វាយប្រហារដល់គ្រប់គោលដៅនៅក្នុងទ្វីបអាស៊ី ព្រមទាំងតំបន់មួយចំនួននៃទ្វីបអាហ្វ្រិកនិងអឺរ៉ុប។
ការធ្វើសាកល្បងខាងលើគឺជាជោគជ័យលើកទី០៣ហើយនៃមីស៊ីល Agni-V ក្នុងឆ្នាំនេះ។ Agni-V ដែលមានប្រវែង១៧ម៉ែត្រនិងទំហំ០២ម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់ធម្មតាឬនុយក្លេអ៊ែរទម្ងន់សរុប១.៥តោនបាន ត្រូវគេចាត់ទុកថាជាសព្វាវុធមួយដើម្បីកម្លាចចិន។
កន្លងមកនេះ ចិនធ្លាប់បានបង្ហាញការមិនពេញចិត្តជាចំហ ជុំវិញគម្រោងអភិវឌ្ឍន៍មីស៊ីល Agni-V នៅពេលមីស៊ីលនេះត្រូវបានធ្វើតេស្តកាលពីខែធ្នូ ឆ្នាំ២០១៦។ ទីក្រុងប៉េកាំងបានចាត់ទុកការធ្វើតេស្តនេះថា ជាការបំពានលើច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខជាតិនៃអង្គការសហប្រជាជាតិ និងបានបង្កការគំរាមកំហែងដល់តុល្យភាពយុទ្ធសាស្រ្តភូមិសាស្រ្តនយោបាយនៅតំបន់អាស៊ីខាងត្បូង៕