(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមេទ្រី ផេស្កូវ (Dmitry Peskov) នាថ្ងៃចន្ទនេះបានចេញមុខបកស្រាយថា រុស្ស៊ីចាត់ទុកបាតុកម្មនៅបារាំងជារឿងផ្ទៃក្នុងរបស់ប្រទេសនោះ ហើយមិនបានលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃទៀតឡើយ ដោយការអះអាងថារុស្ស៉ីមានជាប់ពាក់ព័ន្ធនឹងបាតុកម្មនៅបារាំង គឺជាការមួលបង្កាច់ចង់បង្ខូចកេរ្តិ៍ឈ្មោះទីក្រុងម៉ូស្គូសុទ្ធសាធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
លោក Peskov បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំសូមចេញមុខបកស្រាយថា រុស្ស៉ីចាត់ទុកអ្វីៗដែលកើតឡើងគឺជារឿងផ្ទៃក្នុងរបស់បារាំងសុទ្ធសាធ។ យើងពុំបានជ្រៀតជ្រែកហើយក៏មិនមានគម្រោងចូលលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ រួមទាំងប្រទេសបារាំង»។ បើតាមលោក Peskov ទីក្រុងម៉ូស្គូ ផ្តល់តម្លៃជាខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយរដ្ឋាភិបាលប៉ារីស និងគោរពជានិច្ចចំពោះអធិបតេយ្យភាពរបស់បារាំង។
គួរជម្រាបថា ការចេញមុខច្រានចោលរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង បានកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសបារាំង កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថាអាជ្ញាធរបារាំង កំពុងបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ដែលថា រុស្ស៉ីបានជ្រៀតជ្រែកក្នុងសកម្មភាពបាតុកម្មអាវកាក់ពណ៌លឿង ដែលកំពុងបន្តផ្ទុះឡើងដោយហិង្សានៅបារាំង៕