(កង់បេរ៉ា)៖ អង្គភាពឃ្លាំមើលសាជីវកម្មនៃប្រទេសអូស្រ្តាលី នាថ្ងៃចន្ទនេះបានបង្ហាញនូវអនុសាសន៍ ១១ចំណុច ក្នុងរបាយការណ៍មួយដែលមានគោលដៅរឹតត្បិតឥទ្ធិពលក្នុងទីផ្សារប្រកួតប្រជែង របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google និង Facebook។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
របាយការណ៍បឋមរបស់គណៈកម្មការត្រួតពិនិត្យ សិទ្ធិប្រកួតប្រជែង និងសិទ្ធិអតិថិជនអូស្រ្តាលី ហៅកាត់ថា ACCC ដែលចេញផ្សាយនាថ្ងៃចន្ទនេះ បានផ្តល់អនុសាសន៍សំដៅឲ្យមានការត្រួតពិនិត្យល្អិតល្អន់ជាងមុនលើសកម្មភាពរបស់ Google និង Facebook។
របាយការណ៍ខាងលើ បានលាតត្រដាងឲ្យដឹងពីទំហំគួរឲ្យកត់សម្គាល់ នៃអំណាចទីផ្សារដែល Facebook និង Google មានមកលើប្រជាជនអូស្រ្តាលីដោយគេអាចសន្និដ្ឋានបានថា ជារៀងរាល់លុយ ១០០ដុល្លារអូស្រ្តាលី ដែលចំណាយដោយក្រុមអ្នកផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសអូស្រ្តាលី ៤៧ដុល្លារអូស្រ្តាលីហូរចូល Google ខណៈ២១ដុល្លារចូលទៅ Facebook។
គួរជម្រាបថា នៅក្រោមអនុសាសន៍គន្លឹះមួយ Google និង Facebook ក៏នឹងត្រូវបង្ខំឲ្យប្រគល់ព័ត៌មាន ក៏ដូចជាឯកសារនានាជាប្រចាំមកឲ្យអាជ្ញាធរត្រួតពិនិត្យអូស្រ្តាលីផងដែរ។ ចំណែករបាយការណ៍ពេញលេញចុងក្រោយពាក់ព័ន្ធបញ្ហានេះ នឹងត្រូវចេញផ្សាយដោយ ACCC នៅខែមិថុនា ឆ្នាំក្រោយ៕