ជំងឺឆ្លងដល់ប៊ែលហ្សិក! ប៉ូលិសព្រុចសែល «ចាប់ខ្លួនបាតុករជាង៤០០នាក់» ដែលពាក់អាវកាក់ពណ៌លឿងដើរអុកឡុកទីក្រុង ដើម្បីការគាំទ្រចលនានៅបារាំង (Video inside)
10-12-2018 13:44
p>(ព្រុចសែល)៖ ប៉ូលិសប៊ែលហ្សិកបានឃុំខ្លួនបាតុករច្រើនជាង ៤០០នាក់ បន្ទាប់ពីពួកគេបានយកគំរូតាមក្រុមកុប្បករនៅប្រទេសបារាំង ដោយពាក់អាវកាក់ពណ៌លឿងហើយដើរដង្ហែក្បួន គប់ដុំថ្ម និងបាញ់កាំជ្រួច ព្រមទាំងបំផ្លាញហាងទំនិញ ក៏ដូចជារថយន្ដជាច្រើនគ្រឿង ដើម្បីព្យាយាមចូលក្នុងអគាររដ្ឋាភិបាល ក្នុងទីក្រុងព្រុចសែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅរសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
បាតុកម្មតវ៉ារបស់ក្រុមអាវកាក់ពណ៌លឿង នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក បានផ្ទុះឡើងអស់រយៈពេលជាង ០៨ ថ្ងៃមកហើយ។ ចំណែកឯបាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍កន្លងទៅ បានផ្ទុះឡើងបែបហិង្សាខ្លាំងក្លា រហូតឈានដល់ការចាប់ខ្លួនបាតុករ
រាប់រយនាក់ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសជាង ១,០០០នាក់ ដែលត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់។
បន្ថែមពីខាងលើនេះ នៅក្នុងការប៉ះទង្គិចគ្នានោះ ប៉ូលិសប៊ែលហ្សិកបានបង្ខំចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករដែលប្រើហិង្សា ក្នុងពេលពួកគេព្យាយាមចូលក្នុងអគាររដ្ឋាភិបាលក្នុងទីក្រុងព្រុចសែល។
គួរបញ្ជាក់ថា ក្រុមបាតុករអាវកាក់ពណ៌លឿងនៅក្នុងប្រទេសប៊ែលហ្សិក បានយកគំរូតាមក្រុមកុប្បករនៅក្នុងប្រទេសបារាំង ក្នុងការសម្ដែងការជំទាស់របស់ពួកគេ ប្រឆាំងនឹងការឡើងថ្លៃទំនិញ។ ក្រៅពីប៊ែលហ្សិក ប្រទេសម៉ុងតេណេក្រូ ក៏ហាក់កំពុងត្រៀមខ្លួនប្រឈមមុខនឹងវិបត្តិដូចគ្នានេះដែរ៕