(អ៊ីស្រាអែល)៖ រដ្ឋាភិបាលអ៊ីស្រាអែលនាថ្ងៃអាទិត្យ បានបើកកិច្ចពិភាក្សាអំពីការត្រៀមលក្ខណៈ ដើម្បីទទួលក្រុមជនភៀសខ្លួនជ្វីបចំនួនថ្មីពីប្រទេសបារាំង ដោយសារក្តីព្រួយបារម្ភចំពោះការកើនឡើងនៃការស្អប់ខ្ពើម និងរើសអើងជនជាតិជ្វីបនៅក្នុងតំបន់អឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
ក្រោយចេញលទ្ធផលនៃកិច្ចប្រជុំរដ្ឋាភិបាល នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានបង្គាប់ឲ្យមានការបង្កើតកម្មវិធីថ្នាក់ជាតិមួយ ដើម្បីជំរុញការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនជ្វីបពីបារាំងមកកាន់អ៊ីស្រាអែល។ អ៊ីស្រាអែលបានប៉ាន់ប្រមាណថា ជនជាតិជ្វីបប្រហែល២០០,០០០នាក់នៅប្រទេសបារាំង អាចវិលត្រឡប់ចូលមកក្នុងអ៊ីស្រាអែលវិញបាន នៅអនាគតដ៏ខ្លីខាងមុខ។
គួរជម្រាបថា បើតាមរបាយការណ៍សម្រាប់ឆ្នាំ២០១៨ របស់គណៈកម្មការអឺរ៉ុបប្រឆាំងការរើងអើងពូជសាសន៍ និងភាពមិនចេះអត់ឱន (ECRI) អឺរ៉ុបបានប្រឈមមុខនូវកំណើនសកម្មភាពរើសអើងជនបរទេស នៅចំពោះមុខវិបត្តិជនភៀសខ្លួនក្នុងតំបន់។ បើតាម ECRI ទំនោរនេះអាចបំផ្លិចបំផ្លាញការផ្សាភ្ជាប់សង្គម និងបំផុសឲ្យមានការរើសអើង ការប្រើសម្តីវាយប្រហារ ឬសូម្បីតែការប្រើអំពើហិង្សាទៀតផង៕