(ប៉ារីស)៖ បាតុកកម្មរបស់ក្រុមបាតុករអាវកាក់ពណ៌លឿងកាន់តែរីកធំឡើង បន្ទាប់ពីបាតុកម្មដ៏ហិង្សាត្រូវបានធ្វើឡើងជាថ្មី ក្នុងសប្តាហ៍ទី៤ កាលពីថ្ងៃសៅរ៍កន្លងទៅដើម្បីប្រឆាំងនឹងជំទាស់ នឹងកំណែទម្រង់របស់រដ្ឋាភិបាលប្រធានាធិបតីបារាំង លោក ម៉ាក្រុង។ ប៉ុន្តែព្រមពេលជាមួយ មន្ត្រីបារាំងខ្លះប្រកាន់ត្រង់ៗថា ក្រុមជ្រុលនិយមនៅក្នុងប្រទេសបារាំងចង់ប្រើប្រាស់ ក្រុមបាតុករអាវកាក់ពណ៌លឿងដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ទីក្រុងប៉ារីស ដែលទើបតែប្រាប់ឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ឈប់ជាបន្ទាន់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បារាំង។

ក្រសួងមហាផ្ទៃបារាំង បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា មានមនុស្សសរុបរហូតដល់ចំនួន១,៧២៣នាក់ត្រូវបានចាប់ ខ្លួនទូទាំងប្រទេសពាក់ព័ន្ធការធ្វើបាតុកម្មនេះ។ មិនតែប៉ុណ្ណោះ ប៉ូលិសបារាំងក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បី បង្រ្កាបហ្វូងបាតុករផងដែរ ស្របពេលមនុស្ស​០៤នាក់ហើយបាន​ស្លាប់។

បាតុកម្មតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ ក្នុងនោះរួមមានទាំងប្រេង និងម៉ាស៊ូត បាន​​កើតឡើងតាំងតែថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​មកម្លេះ ។ ដោយឡែក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ អាជ្ញាធរបារាំងបានបិទតំបន់ទេសចរណ៍ និងហាងទំនិញជាច្រើននៅ​ក្នុងទីក្រុងប៉ារីស ជាមួយការ​ដាក់ពង្រាយ​កងកម្លាំងសន្តិសុខ​រាប់ពាន់នាក់។ Eiffel Tower និងតំបន់ ទេសចរណ៍​សំខាន់ៗ​នៅក្នុងទីក្រុង​ប៉ារីស ត្រូវបានបិទជា​បណ្ដោះអាសន្ន ហើយហាងលក់​ទំនិញនៅជាប់ដងផ្លូវ​មួយចំនួនត្រូវបិទទ្វារដើម្បីបញ្ចៀស​ ការលួច ឬប្លន់ក្នុង​ករណីមានភាព​ចលាចលណា​មួយកើតឡើង។ បន្ថែមពី​លើនេះដើម្បីរក្សា​សន្តិសុខ និងសណ្ដាប់​ធ្នាប់ ប៉ូលិស ៨៩,០០០នាក់ ត្រូវបានដាក់​ពង្រាយ ខណៈ៨,០០០នាក់ផ្សេងទៀត ត្រូវបានដាក់​ពង្រាយក្នុង​ទីក្រុង​ប៉ារីស។

តើបាតុកម្មក្នុងប្រទេសបារាំង អាចក្លាយជាបដិវត្តន៍ពណ៌ដែរឬទេ?

បើទោះជាមិនមានការសន្និដ្ឋានច្បាស់លាស់ណាមួយថា ភាពចលាចលបច្ចុប្បន្ន អាចនឹងប្រែទៅជាបដិវត្តន៍ពណ៌ដូចជា នៅ ស៊ីរី ឬលីប៊ីក៏ដោយ។ ក៏ប៉ុន្តែការភ័យខ្លាច និងការព្រួយបារម្ភបានកើនឡើងយ៉ាងខ្លាំងប្រទេសបារាំង ជាពិសេសគឺទីក្រុងប៉ារីស ជាទីដែលអំពើហិង្សាបានផ្ទុះឡើងរវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។ ជាក់ស្ដែងសូម្បីតែ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Benjamin Griveaux ក៏បានអះអាងកាលពីថ្ងៃសុក្រថា ក្រុមជ្រុលនិយមនៅក្នុងប្រទេសបារាំង ចង់ប្រើប្រាស់ក្រុម បាតុករអាវកាក់ពណ៌លឿង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបារាំង។

លើសពីនេះទៅទៀត ប្រភពមិនបញ្ជាក់អត្តសញ្ញាណមកពីការិយាល័យប្រធានាធិបតីលោក ម៉ាក្រុង ថែមទាំងបានប្រាប់ សារព័ត៌មានបារាំង Le Figaro ដោយហៅ ក្រុមបាតុករអាវកាក់ពណ៌ថា ជាពួកបដិវត្តន៍។ «ពួកគេគឺជាពួកបដិវត្តន៍​ ហើយ យើងកំពុងឃើញការព្យាយាមរបស់ពួកបដិវត្តន៍»។ នេះបើតាមប្រភពដដែលប្រាប់ Le Figaro ជាមួយការបញ្ជាក់បន្ថែមថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់បារាំងបានព្រមានយោធា និងប៉ូលិស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងការប៉ុនប៉ងសម្លាប់ ឬប្រើប្រាស់អាវុធប្រឆាំងនឹងសមាជិកសភាបារាំង។

ជំងឺឆ្លងពាក់អាវកាក់ពណ៌លឿងនឹងរីកសាយនៅទ្វីបអឺរ៉ុប?

មិនថាតែនៅបារាំងនោះទេ ដែលកំពុងព្រួយបារម្ភចំពោះការរីកសាយនៃបាតុកម្មតវ៉ាដ៏ហិង្សារបស់ក្រុមបាតុករអាវកាក់ពណ៌ លឿង។ ពោលគឺសូម្បីតែបណ្ដាប្រទេសអឺរ៉ុបមួយចំនួនក៏កំពុងខ្វាយខ្វល់ដែរ ដោយពួកគេខ្លាចក្រែងប្រជាជនរបស់ខ្លួនយក គំរូតាមបាតុកម្មតវ៉ាដ៏ហិង្សានេះដើម្បីទាមទារ ឬសម្ដែងការមិនពេញចិត្តចំពោះរដ្ឋាភិបាល។ ប៉ុន្តែ ការយកគំរូតាម ក្រុមបាតុករអាវកាក់ពណ៌លឿង ត្រូវបានគេមើលឃើញចាប់ផ្ដើមរីកសាយជាបណ្ដើរៗហើយ ជាឧទារហណ៍គឺនៅក្នុងប្រទេស ម៉ងតេណេក្រូតែម្ដង។

យោងតាមសារព័ត៌មាន​បារាំង AFP ​កាលពីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងប្រទេសម៉ុងតេណេក្រូ​ គឺក្រុមបាតុករមានទំនោរទៅ រករុស្ស៊ី​រាប់រយនាក់បាននាំគ្នាពាក់​អាវកាក់ពណ៌​លឿង ដើម្បីតវ៉ាជំទាស់​នឹងពាក្យបណ្ដឹង​របស់អាជ្ញាធរ ប្រឆាំងនឹងមេដឹកនាំ​ពីររូបរបស់​ពួកគេ។ ថ្លែងនៅក្នុងចំណោមហ្វូង​បាតុករម៉ុងតេណេក្រូ មេដឹកនាំម្នាក់នៃ​ក្រុមបាតុករ លោក អានឌ្រីចា មែនឌីក (Andrija Mandic) បានលើកឡើងយ៉ាងដូច្នេះថា «យើងចង់​ធ្វើឱ្យប្រទេសរបស់យើង​ មានភាពប្រសើរ​ឡើងដូចជា​បារាំង ជាទីដែលបាតុកម្ម​តវ៉ាបានរារាំងការ​សម្រេចចិត្ត​ផ្នែក នយោបាយក្នុង​ទម្រង់បំផ្លិច​បំផ្លាញ...ទាំងនេះហើយគឺជាមូលហេតុ ជម្រុញ​ឱ្យពួក​យើងនាំគ្នាពាក់អាវកាក់​ពណ៌​លឿង»។

នរណាជាអ្នកនៅពីក្រោយក្រុមបាតុករអាវកាក់ពណ៌លឿង?

ក្រុមបាតុករអាវកាក់ពណ៌លឿង ត្រូវបានបង្កើតឡើង និងផ្ទុះឡើងជាបាតុកម្មតវ៉ាជាលើកដំបូងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ជាពិសេសគឺជុំវិញគម្រោងដំឡើងពន្ធលើឥន្ធនៈ (សាំង និងម៉ាស៊ូត)។ ចំណែកឯ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Benjamin Griveaux ធ្លាប់បានអះអាងកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ក្រុមជ្រុលនិយមនៅក្នុងប្រទេសបារាំងគឺអ្នកនៅពីក្រោយខ្នងបាតុកម្មតវ៉ានេះ ហើយពួកគេចង់ប្រើប្រាស់ក្រុម បាតុករអាវកាក់ពណ៌លឿងដើម្បីផ្ដួលរំលំរដ្ឋាភិបាលបារាំង។

គួរជម្រាបថា នៅក្នុង​សប្ដាហ៍នេះ ជាការបន្ធូរបន្ថយ​ភាពតានតឹង រដ្ឋាភិបាលលោក​ប្រធានាធិបតីបារាំង ម៉ាក្រុង បាន​យល់ព្រម​លុបចោលគម្រោង​តំឡើងពន្ធលើ​ឥន្ធនៈ រួមមាន​ទាំងសាំង និងម៉ាស៊ូត ចេញពីកញ្ចប់​ថវិកាជាតិឆ្នាំ២០១៩។ ប៉ុន្តែ ក្រុមបាតុករ​អាវកាក់​ពណ៌លឿង ស្រាប់តែចង់បានច្រើនជាងនេះ ដោយពួកគេទាមទារបន្ថែមពីរដ្ឋាភិបាល​លោកម៉ាក្រុង ធ្វើយ៉ាងណាឱ្យ ពួក​គេទទួលបានប្រាក់​ខែខ្ពស់ បង់ពន្ធតិច និងខ្លះស្នើលោក ម៉ាក្រុង ចុះចេញពី​តំណែង​ទៀតផង៕