(ម៉ូស្គូ)៖ វិទ្យាស្ថានមួយរបស់ប្រទេសស៊ុយអែត នៅថ្ងៃចន្ទនេះបានឱ្យដឹងថា រុស្ស៊ីបានក្លាយជាប្រទេសផលិតអាវុធធំជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងឡើងជំនួសតំណែងអង់គ្លេស ដែលបានកាន់តំណែងជាប្រទេស ផលិតអាវុធជាប់លេខ ២ ចាប់តាំងពីឆ្នាំ២០០២ មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្ដីពីប្រទេសផលិតអាវុធជាងគេទាំង ១០០ នៅលើពិភពលោក វិទ្យាស្ថានស្រាវជា្រវសន្តិភាពអន្តរជាតិ ស្តុកហូម (Stockholm International Peace Research Institute) មានមូលដ្ឋានក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែតបានបញ្ជាក់ទៀតថា ការលក់អាវុធរួមរបស់ក្រុមហ៊ុនរុស្ស៊ីទាំង ១០ មានចំនួន ៣៧.៧ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧ ឬកើនឡើងពីអត្រា ៨.៥ភាគរយ កាលពីឆ្នាំ២០១៦។
ចំណែកឯការលក់អាវុធរបស់រុស្ស៊ី នៅលើពិភពលោកទាំងមូលមានកំណើន ៩.៥ភាគរយ ឬស្មើនឹង ៣៩៨.ពាន់លានដុល្លារ ដែលនេះបានធ្វើឱ្យរុស្ស៊ីឡើងមកឈរលេខរៀងទី ២ នៃប្រទេសផលិតអាវុធធំជាងគេលើលោកជំនួសអង់គ្លេស និងបន្ទាប់ពីសហរដ្ឋអាមេរិកដែលឈរលេខ ១ ជាមួយការលក់អាវុធដល់ទៅ ៥៧ភាគរយ នៃការលក់អាវុធសរុបនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា បច្ចុប្បន្នអាវុធរបស់រុស្ស៊ីដែលកំពុងត្រូវប៉ាន់នៅលើទីផ្សាររួមមាន យន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ជាដើម។ ប៉ុន្តែទន្ទឹមគ្នា សហរដ្ឋអាមេរិក ក៏បានបង្កើតច្បាប់ថ្មីមួយផងដែរ ដោយមានគោលដៅ ដាក់ទណ្ឌកម្មប្រឆាំងនឹងបណ្ដាប្រទេសទាំងឡាយណា ដែលហ៊ានទិញអាវុធពីរុស្ស៊ី៕