(ប៉ារីស)៖ បាតុកម្មតវ៉ារបស់ក្រុមបាតុករអាវកាក់ពណ៌លឿង នៅក្នុងប្រទេសបារាំង កំពុងធ្វើឱ្យបណ្ដាប្រទេសអឺរ៉ុបមួយចំនួន ព្រួយបារម្ភខា្លចកែ្រងប្រជាជនរបស់ខ្លួនយកគំរូតាម ខណៈមានការសន្និដ្ឋានជាច្រើនថា បាតុកម្មដោយពាក់អាវកាក់ពណ៌លឿង នឹងរីកសាយទៅកាន់ប្រទេសផ្សេងទៀតនៃតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Point នៅព្រឹកថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានបារាំងដដែល បាតុករមួយចំនួននៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាពេលថ្មីៗនេះក៏ធ្លាប់បាននាំគ្នាពាក់អាវកាក់ពណ៌លឿងផងដែរ ដែលជាសញ្ញាបង្ហាញការគាំទ្រ ដល់ក្រុមបាតុករនៅបារាំង។ មិនតែប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ នៅក្នុងប្រទេសម៉ិងតេណេក្រូតែម្ដង គឺក្រុមបាតុករមានទំនោរទៅរករុស្ស៊ីរាប់រយនាក់ បាននាំគ្នាពាក់អាវកាក់ពណ៌លឿង ដើម្បីតវ៉ាជំទាស់នឹងពាក្យបណ្ដឹងរបស់អាជ្ញាធរ ប្រឆាំងនឹងមេដឹកនាំពីររូបរបស់ពួកគេ។
ដោយឡែកថ្លែងនៅក្នុងចំណោមហ្វូងបាតុករម៉ុងតេណេក្រូ មេដឹកនាំម្នាក់នៃក្រុមបាតុករ លោក អានឌ្រីចា មែនឌីក (Andrija Mandic) បានលើកឡើងយ៉ាងដូច្នេះថា «យើងចង់ធ្វើឱ្យប្រទេសរបស់យើង មានភាពប្រសើរឡើងដូចជាបារាំង ជាទីដែលបាតុកម្មតវ៉ាបានរារាំងការសម្រេចចិត្តផ្នែក នយោបាយក្នុងទម្រង់បំផ្លិចបំផ្លាញ... ទាំងនេះហើយគឺជាមូលហេតុជម្រុញឱ្យពួកយើង នាំគ្នាពាក់អាវកាក់ពណ៌លឿង»។
គួរបញ្ជាក់ថា បាតុកម្មតវ៉ារបស់ក្រុមបាតុករអាវកាក់ពណ៌លឿង នៅក្នុងប្រទេសបារាំង អស់រយៈពេលជាង៤សប្ដាហ៍មកនេះ បានបណ្ដាលឱ្យមនុស្ស ០៤នាក់ស្លាប់ និងជាង ១,៧០០ត្រូវចាប់ខ្លួន។ ចំណែកឯលោកប្រធានាធិបតីបារាំង ម៉ាក្រុង ត្រូវបាន គេរំពឹងថា នឹងថ្លែងសារទៅកាន់សាធារណៈជនបារាំងនៅម៉ោង ២០៖០០នាទីយប់ (ម៉ោងនៅក្នុងតំបន់) ថ្ងៃចន្ទនេះ ព្រមទាំងនឹងប្រកាសពីវិធានការទប់ទល់នឹងបាតុកម្ម ក្នុងនោះអាចមានទាំងការប្រកាស ដាក់ប្រទេសទៅក្នុងគ្រាអាសន្នក៏ថាបាន៕