Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ម៉ាក្រុង នឹងប្រកាសពីវិធានការទប់ទល់បាតុកម្ម ខណៈសេដ្ឋកិច្ចបារាំងខាតបង់ជាង១ពាន់លានដុល្លារ (Video inside)

10-12-2018 09:43

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ត្រូវបានគេរំពឹងថា នឹងប្រកាសពីវិធានការទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ក្រុមបាតុករអាវកាក់ពណ៌លឿង នៅថ្ងៃចន្ទនេះ ស្របពេលមានការសន្និដ្ឋានជាច្រើនថាលោកអាចនឹងប្រកាស ដាក់ប្រទេសក្នុងភាពអាសន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។

ប្រទេសបារាំងបានប្រឈមមុខនឹងបាតុកម្ម៤សប្ដាហ៍ជាប់ៗគ្នាមកហើយ បើទោះជារដ្ឋាភិបាលលោក ម៉ាក្រុង បានសម្រេច ចិត្តលុបចោលគម្រោងដំឡើងពន្ធលើឥន្ធនៈចេញពីកញ្ចប់ថវិកាជាតិឆ្នាំ២០១៩ក៏ដោយ។ មិនតែប៉ុណ្ណោះ ក្រៅតែពីការតវ៉ា ប្រឆាំងនឹងសាំងឡើង នៅពេលក្រុមបាតុករអាវកាក់ពណ៌លឿងបានបន្ថែមទាមទារកាន់តែឡើងក្នុងនោះរួមមានទាំងដំឡើង ប្រាក់ខែ កាត់បន្ថយការបង់ពន្ធ រួមទាំងការស្នើឱ្យលោកម៉ាក្រុង ចុះចេញពីតំណែងផងដែរ។

ប៉ុន្តែអ្វីដែលកត់សម្គាល់នោះគឺ គិតចាប់តាំងពីបាតុកម្មតវ៉ាផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨មក បានធ្វើឱ្យសេដ្ឋកិច្ចបារាំង ខាតបង់ជាង១លានអឺរ៉ូ ឬស្មើនឹងជាង១.១លានដុល្លារ។ នេះបើតាមសហព័ន្ធអ្នកលក់រាយរបស់បារាំង ប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈពាណិជ្ជកម្មភោជនីយដ្ឋាននានា ជាពិសេសនៅក្នុងទីក្រុងប៉ារីសធ្លាក់ចុះពី ២០ ដល់៥០ភាគរយ។

គួរបញ្ជាក់ថា លោក អែមម៉ានុយអែល ម៉ាក្រុង នឹងថ្លៃសារទៅកាន់សាធារណជនបារាំងនៅម៉ោង ២០៖០០នាទី (ម៉ោងក្នុងតំបន់ ហើយនាឱកាសនោះលោក ក៏ត្រូវបានគេរំពឹងដែរថា នឹងប្រកាសពីវិធានការទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ ក្រុមអាវកាក់ពណ៌លឿង ក្នុងនោះរួមមានទំាងការប្រកាសដាក់រដ្ឋក្នុងភាពអាសន្នក៏ថាបាន នៅក្នុងបរិបទដែលមនុស្ស៤នាក់ ហើយបានបាត់បង់ជីវិត និងរាប់ពាន់នាក់ត្រូវចាប់ខ្លួន រីឯបាតុកម្មកាន់តែមានសភាពធ្ងន់ធ្ងរ៕