(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានប្រាប់ឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ឈប់ជាបន្ទាន់ការលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់បារាំង ខណៈទីក្រុងប៉ារីសកំពុងប្រឈមមុខនឹងមហាបាតុកម្មដ៏ហិង្សា ប្រឆាំងសំាងឡើងថ្លៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី១០ ធ្នូ ឆ្នាំ២០១៨។
លោក Le Drian ធ្វើការកត់សម្គាលបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ LCI កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះលោករដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «យើងមិនធ្លាប់បានលូកដៃចូលកិច្ច ការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកម្ដងណាឡើយ ...ដូច្នេះលោក ដូណាល់ ត្រាំ គួរតែបញ្ឈប់ជាបន្ទាន់ការលូកដៃចូលកិច្ចការផ្ទៃ ក្នុងរបស់បារាំង»។
កាលពីថ្ងៃសៅរ៍កន្លងទៅមនុស្សជាង១,៧២៣នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងរវាងកម្លាំងប៉ូលិស និងក្រុមអ្នកតវ៉ាពាក់អាវកាក់ពណ៌លឿង អំឡុងការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅប្រទេសបារាំង។ ចំណែកឯលោក ដូណាល់ ត្រាំ បានយកបាតុកម្មដ៏ហិង្សានេះរិះគន់បារាំងយ៉ាងខ្លាំង ជុំវិញកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួល អាកាសធាតុ ដែលលោកចាត់ទុកថាជាមូលហេតុធ្វើឱ្យឥន្ធនៈឡើងថ្លៃ។
គួរជម្រាបថា បាតុកម្មខាងលើបានឈានដល់ភាពតានតឹងខ្លាំងចូលសប្តាហ៍ទី០៤ នៅពេលក្រុមបាតុករបិទមុខបានចូលរួមក្នុងសកម្មភាពតវ៉ា ហើយបង្ករឿងតាមរយៈការរុះរើរនាំងប៉ូលិស ព្រមទាំងដុតបំផ្លាញធុងសំរាម ដើមឈើ និងយានជំនិះ ហើយវាយកម្ទេចនិងលួចយកទំនិញពីហាងតាមដងផ្លូវជាដើម ដែលជាហេតុបង្ខំឲ្យប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបង្រ្កាបក្រុមបាតុករទាំងនោះ។
ជាមួយគ្នានេះ រថពាសដែកត្រូវបានដាក់ពង្រាយជាលើកដំបូងនៅទីក្រុងប៉ារីស គិតចាប់តាំងពីកុបកម្មឆ្នាំ២០០៥ នៅចំពោះមុខការរឹតបន្តឹងវិធានការរក្សាសន្តិសុខយ៉ាងរឹងមាំ ដែលរដ្ឋាភិបាលបារាំងបានអនុវត្តន៍ ដើម្បីបញ្ចៀសភាពវឹកវរបែបនេះទៀត ខណៈថ្ងៃបុណ្យឈប់សម្រាកគ្រីស្មាស់នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ ក្រៅពីនេះកម្លាំងសន្តិសុខចំនួន៨៩,០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមទីក្រុងនានានៃប្រទេសបារាំង ក្នុងនោះ៨,០០០នាក់ ត្រូវដាក់ឲ្យឈរជើងនៅទីក្រុងប៉ារីស៕
រដ្ឋាភិបាលបារាំង បានប្រកាសលុបចោលគម្រោងបង្កើនពន្ធឥន្ទនៈរួមមាន សាំងនិងម៉ាស៊ូតជាដើមសម្រាប់ឆ្នាំ២០១៩ ដើម្បីបន្សាបកំហឹងរបស់ក្រុមបាតុករ ប៉ុន្តែចលនាក្រុមអ្នកតវ៉ាអាវកាក់ពណ៌លឿងហាក់ពុំបានបង្ហាញសញ្ញានៃភាពធូរស្រាលនោះឡើយ ដោយពួកគេនៅតែមានបំណងចង់ទាមទារឲ្យមានសកម្មភាពជាក់ស្តែងជាងនេះ ជាពិសេសនោះ គឺប្រជាជនបារាំងចង់បានការដំឡើងប្រាក់ឈ្នួល និងបន្ថយការអត្រាបង់ពន្ធតែម្តង៕