(ប៉ារីស)៖ រដ្ឋមន្រ្តីមហាផ្ទៃបារាំងបានឲ្យដឹងថា មនុស្សសរុបរហូតដល់ប្រមាណជា១,៧២៣នាក់ ត្រូវបានចាប់ខ្លួននាថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងរវាងកម្លាំងប៉ូលិសនិងក្រុមអ្នកតវ៉ាពាក់អាវកាក់ពណ៌លឿង អំឡុងការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅប្រទេសបារាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។
រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក Christophe Castaner បានបញ្ជាក់ថា មនុស្សជាង១២៥,០០០នាក់ បានចូលរួមក្នុងការធ្វើបាតុកម្មដែលគេហៅថា «Yellow Vest (អាវកាក់ពណ៌លឿង)» នៅទូទាំងប្រទេសបារាំង ដោយក្នុងនោះប្រមាណជា១០,០០០នាក់ បានធ្វើសកម្មភាពតវ៉ានៅរដ្ឋធានីប៉ារីសនាថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈកាលពីបាតុកម្មផ្ទុះឡើងដំបូងនាថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅ មានបាតុករចូលរួមសរុប៣០០,០០០នាក់។
បើតាមលោក Castaner ការធ្វើបាតុកម្មនេះ ត្រូវបានក្រុមបាតុករដែលគាំទ្រអំពើហិង្សាឆ្លៀតឱកាសកេងចំណេញ ទើបបានប្រែក្លាយទៅជាផ្ទុះភាពតានតឹងបែបនេះ កាលពីថ្ងៃសៅរ៍។ លោករដ្ឋមន្រ្តីបារាំងបានប្រាប់ថា រហូតមកទល់ពេលនេះបាតុករខ្ទង់មួយពាន់នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួនរបស់សមត្ថកិច្ចដដែល ហើយមនុស្សប្រមាណ១៣៥នាក់បានរងរបួស ក្នុងនោះមានមួយចំនួនតូចជាកម្លាំងប៉ូលិស ខណៈមានសេចក្តីរាយការណ៍ព័ត៌មានថាមនុស្សរហូតដល់ប្រមាណ៨៥០នាក់បានរងរបួស។ ដោយឡែក មនុស្ស០៤នាក់ក៏បានបាត់បង់ជីវិត ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនេះផងដែរ
គួរជម្រាបថា បាតុកម្មខាងលើបានឈានដល់ភាពតានតឹងខ្លាំងថ្ងៃសៅរ៍សប្តាហ៍នេះ ដែលជាសប្តាហ៍ទី០៤ នៅពេលក្រុមបាតុករបិទមុខបានចូលរួមក្នុងសកម្មភាពតវ៉ា ហើយបង្ករឿងតាមរយៈការរុះរើរនាំងប៉ូលិស ព្រមទាំងដុតបំផ្លាញធុងសំរាម ដើមឈើ និងយានជំនិះ ហើយវាយកម្ទេចនិងលួចយកទំនិញពីហាងតាមដងផ្លូវជាដើម ដែលជាហេតុបង្ខំឲ្យប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបង្រ្កាបក្រុមបាតុករទាំងនោះ។
ជាមួយគ្នានេះ រថពាសដែកត្រូវបានដាក់ពង្រាយជាលើកដំបូងនៅទីក្រុងប៉ារីស គិតចាប់តាំងពីកុបកម្មឆ្នាំ២០០៥ នៅចំពោះមុខការរឹតបន្តឹងវិធានការរក្សាសន្តិសុខយ៉ាងរឹងមាំ ដែលរដ្ឋាភិបាលបារាំងបានអនុវត្តន៍ ដើម្បីបញ្ចៀសភាពវឹកវរបែបនេះទៀត ខណៈថ្ងៃបុណ្យឈប់សម្រាកគ្រីស្មាស់នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ ក្រៅពីនេះកម្លាំងសន្តិសុខចំនួន៨៩,០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមទីក្រុងនានានៃប្រទេសបារាំង ក្នុងនោះ៨,០០០នាក់ ត្រូវដាក់ឲ្យឈរជើងនៅទីក្រុងប៉ារីស។
គួរជម្រាបថា នាសប្តាហ៍នេះ រដ្ឋាភិបាលបារាំង បានប្រកាសលុបចោលគម្រោងបង្កើនពន្ធឥន្ទនៈរួមមាន សាំងនិងម៉ាស៊ូតជាដើមសម្រាប់ឆ្នាំ២០១៩ ដើម្បីបន្សាបកំហឹងរបស់ក្រុមបាតុករ ប៉ុន្តែចលនាក្រុមអ្នកតវ៉ាអាវកាក់ពណ៌លឿងហាក់ពុំបានបង្ហាញសញ្ញានៃភាពធូរស្រាលនោះឡើយ ដោយពួកគេនៅតែមានបំណងចង់ទាមទារឲ្យមានសកម្មភាពជាក់ស្តែងជាងនេះ ជាពិសេសនោះ គឺប្រជាជនបារាំងចង់បានការដំឡើងប្រាក់ឈ្នួល និងបន្ថយការអត្រាបង់ពន្ធតែម្តង៕