(តូក្យូ)៖ កងស្វ័យការពារជើងទឹកនៃប្រទេសជប៉ុន (MSDF) ត្រូវសារព័ត៌មានក្នុងស្រុករាយការណ៍ថា នឹងចាប់ផ្តើមទទួលនារីភេទឲ្យចូលបម្រើជានាវិកសម្រាប់នាវាមុជទឹករបស់ខ្លួន ដើម្បីជាការប៉ះប៉ូវនៃបញ្ហាកង្វះខាតកម្លាំងពលកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមការរាយការណ៍របស់សារព័ត៌មានជប៉ុន NHK ក្រុមនាវាមុជទឹកគឺជាអង្គភាពតែមួយគត់នៃកងកម្លាំង MSDF ជប៉ុន ដែលពុំមានការចូលរួមពីនារីភេទ ខណៈពេលនេះ MSDF បានគ្រោងនឹងធ្វើយ៉ាងណាឲ្យមាននាវិកជាស្រ្តីយ៉ាងតិចបំផុតក៏០៦នាក់ដែរ សម្រាប់នាវាមុជទឹកមួយគ្រឿងនៅឆ្នាំ២០២៣ ដែលចំនួននេះស្មើ១០ភាគរយនៃសមាជិកទាំងអស់ប្រចាំនាវាមុជទឹកនីមួយៗ។
គួរជម្រាបថា បច្ចុប្បន្ន កងកម្លាំង MSDF ជប៉ុន មានត្រឹមតែ៨០ភាគរយប៉ុណ្ណោះនៃចំនួនកងទ័ពដែលត្រូវការចាំបាច់ ដោយសារតែបញ្ហាធ្លាក់ចុះនៃអត្រាកំណើតថ្មីនៅក្នុងប្រទេស៕