(ហូជីមិញ)៖ ទីក្រុងហូជីមិញគ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់ចំនួន២០.៤លានដុល្លារ ដើម្បីសាងសង់អាងស្តុកទឹកចំនួន០៧ សំដៅជួយដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដែលតែងកើតមានឡើងជារៀងរាល់ឆ្នាំនៅវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VnExpress នៅរសៀលថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងចំណោមអាងស្តុកទឹកទាំង០៧ អាងស្តុកចំនួន០៦នឹងសាងសង់ឡើងនៅក្រោមដី ចំណែកមួយទៀតគឺនៅលើផ្ទៃដី ហើយពួកវាត្រូវគេរំពឹងថានឹងអាចស្តុកបរិមាណទឹកសរុបប្រហែល៤០,០០០ម៉ែត្រគូប។ សម្រាប់ទីតាំងនៃការសាងសង់ គឺនៅសង្កាត់ Go Vap, Binh Thanh, Phu Nhuan, Tan Binh, និង សង្កាត់លេខ១០។ អាជ្ញាធរទីក្រុងហូជីមិញ នឹងចាប់ផ្តើមដំណើរការសាងសង់ក្រុមអាងស្តុកទឹកក្រោមដី ពីខែមករាដើមឆ្នាំក្រោយតទៅ ដោយប្រើវិធីសាស្រ្តរបស់ជប៉ុន។
គួរជម្រាបថា ប្រមាណជា៩៥ភាគរយនៃទឹកដែលស្តុកទុកក្នុងអាងទាំងនេះ អាចយកទៅប្រើប្រាស់សម្រាប់ការស្រោចស្រពដើមឈើក្នុងទីក្រុង និងការងារពន្លត់អគ្គីភ័យជាដើម។ ការសង់អាងស្តុកទឹក គឺជាដំណោះស្រាយមួយ សម្រាប់បញ្ហាគ្រោះទឹកជំនន់ ដែលទីក្រុងហូជីមិញ បានគ្រោងរៀបចំសម្រាប់ចន្លោះឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ខណៈដែលក្នុងរយៈពេលជិតពីរទសវត្សរ៍ទីក្រុងដ៏ធំបំផុតនេះរបស់វៀតណាម តែងទទួលរងការបំផ្លិចបំផ្លាញពីទឹកជំនន់ ដោយពុំមានដំណោះស្រាយគ្រប់ជ្រុងជ្រោយណាមួយឡើយ៕