(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានរងការរិះគន់យ៉ាងចាស់ដៃពីមហាជន បន្ទាប់ពីរូបលោកបានស្នើចង់ឲ្យមានការលុបឈ្មោះនិងស្លាកសញ្ញាគណបក្សនយោបាយចេញពីសន្លឹកឆ្នោត ដោយក្រុមអ្នករិះគន់បានលើកឡើងថាទង្វើនេះនឹងធ្វើឲ្យផ្ទុះការភ័ន្តច្រឡំហើយបម្រើផលប្រយោជន៍ដល់គណបក្សតែមួយគត់ ដែលទើបបង្កើតឡើងដោយក្រុមមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។
គំនិតខាងលើនេះត្រូវបានលោក ប្រាយុទ្ធ ស្នើឡើងនៅអំឡុងកិច្ចពិភាក្សានាថ្ងៃសុក្រ ពីការរៀបចំដំណើរការបោះឆ្នោត រវាងក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) និងក្រុមអ្នកតំណាងនៃគណបក្សនយោបាយនៅក្នុងប្រទេសថៃ។ លោកនាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា សន្លឹកឆ្នោតគួរផ្ទុកតែឈ្មោះនិងលេខរៀងនៃបេក្ខភាពឈរឈ្មោះបោះឆ្នោតបានហើយ មិនចាំបាច់មានស្លាកសញ្ញានិងឈ្មោះរបស់គណបក្សពួកគេនោះទេ។
ជុំវិញសំណើនេះក្រុមអ្នករិះគន់បានប្រតិកម្មភ្លាមៗថា អវត្តមាននៃឈ្មោះនិងស្លាកសញ្ញារបស់គណបក្សនយោបាយនៅលើសន្លឹកឆ្នោត នឹងធ្វើឲ្យអ្នកបោះឆ្នោតមានការភ័ន្តច្រឡំទៅវិញទេ ព្រោះថាប្រសិនបើសន្លឹកឆ្នោតមានតែឈ្មោះបេក្ខភាពតំណាងរាស្រ្ត អ្នកបោះឆ្នោតភាគច្រើនច្បាស់ជាជ្រើសរើសយកបុគ្គលដែលពួកគេស្គាល់ ដោយមិនខ្វល់ពីបក្សនយោបាយរបស់បេក្ខភាពទាំងនោះឡើយ។
បើតាមក្រុមអ្នករិះគន់ ប្រការនេះនឹងផ្តល់ប្រយោជន៍ដល់គណបក្សនយោបាយតែមួយគត់ ដែលថ្មីៗនេះ បានទាក់ទាញអ្នកនយោបាយពីគណបក្សដទៃទៀតឲ្យទៅចូលរួមជាមួយខ្លួន។ បក្សនយោបាយនោះគឺគណបក្ស Palang Pracharath Party (PPRP) ដែលទើបបង្កើតឡើងដោយក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថៃ។ PPRP បានប្រកាសរួចទៅហើយថានឹងជ្រើសរើសលោក ប្រាយុទ្ធ ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយនេះ ប្រសិនបើលោកយល់ព្រម។
គួរជម្រាបថា ការបោះឆ្នោតសកលនៅប្រទេសថៃ ដែលត្រូវបានអូសបន្លាយជាច្រើនលើកច្រើនសា ចាប់តាំងតែពីយោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ កាលពីឆ្នាំ២០១៤នោះ ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយយុទ្ធនាការបោះឆ្នោតនឹងត្រូវអនុញ្ញាតឲ្យចាប់ផ្តើមឡើងក្រោយថ្ងៃឆ្លងឆ្នាំសកល៕